ព័ត៌មានជាតិ

សម្តេចតេជោហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១

ភ្នំពេញៈ នាវេលាម៉ោង៧នឹង៤០នាទី ព្រឹកថ្ងៃទី១៤កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ ចាប់ពីថ្ងៃទី១៥-១៦ខែកក្កដា ឆ្នាំ២០១៦ នៅទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។

សម្តេចតេជោ នឹងថ្លែងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១១ លើប្រធានបទ “ការតភ្ជាប់ផ្នែកទន់”។

២០ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប៖ ភាពជាដៃគូសម្រាប់អនាគត តាមរយៈការតភ្ជាប់ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១១ នឹងពិភាក្សាលើបញ្ហាសំខាន់ៗ ជាច្រើន រួមមាន ការវាយតម្លៃលើបទពិសោធន៍ របស់ ASEM ក្នុងរយៈពេល២០ឆ្នាំកន្លងមក ការកសាងការតភ្ជាប់ផ្នែករឹង និងទន់រវាងអាស៊ី-អឺរ៉ុប ទិសដៅ អនាគតរបស់ ASEM បំរែបំរួល អាកាសធាតុ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រព័ន្ធពហុពាណិជ្ជកម្ម ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ សន្តិសុខថាមពល សន្តិសុខស្បៀង ការគ្រប់គ្រងទឹក ព្រមទាំងបញ្ហា តំបន់ និងអន្តរជាតិ។

កិច្ចប្រជុំកំពូល គ្រោងនឹងអនុម័តលើឯកសារ ស្តីពីលទ្ធផលកិច្ចប្រជុំសំខាន់ៗពីរ គឺសេចក្តីប្រកាសអ៊ូឡង់បាទ័រ និងសេចក្តីថ្លែងការណ៍ របស់ប្រធានអង្គប្រជុំ។

ក្រៅពីកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបទ្វេភាគី ជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាមានិតចិន លោក ស៊ីន ហ្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន និងលោកស្រី ប៉ាក គឿនហេ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ៕



មតិយោបល់