ភ្នំពេញៈ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ភ្លាត់ស្នៀតរអិលដួល ស្របពេលដែលរថយន្តហ៊ីយ៉ាន់ដាយ យ៊ីឌុបដឹកដី បើកស្របទិសជាន់ហ្វ្រាំងមិនទាន់ កិន កាលពីវេលាម៉ោង២ និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ ។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4228 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ តែជាអកុសល ភ្លាត់ស្នៀត រអិលដួលដោយខ្លួនឯង ស្របពេលដែលរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ យ៊ីឌុប ដឹកដី ពណ៌ប្រផេះ លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា ជាន់ហ្វ្រាំងមិនទាន់ បុកកិនជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រួចអ្នកបើករថយន្តចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ ត្រូវបានរថយន្ត សង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពជនរងគ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកវត្ថុតាងក្នុងករណីខាងលើ រថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការក្រុង រង់ចាំដោះស្រាយជាក្រោយ៕











មតិយោបល់