ព័ត៌មានជាតិ

ឡានដឹកទឹកកកបោលបុកឡិចស៊ីស រួចបន្តព្រលះក្បាលនាគលាន់ដូចរន្ទះ

ភ្នំពេញ: រថយន្ដហ៊ីយ៉ានដាយដឹកទឹកកកមួយគ្រឿង បើកមិនប្រយ័ត្នជ្រុលទៅបុករថយន្ដឡិចស៊ីសRX300 មួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួនចំពាក់កណ្ដាលរថយន្ដពេញទំហឹង និងបន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៣និង០០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងក្រោមស្ពានអាកាសពេទ្យលោកសង្ឃ(ស្ពាន៧មករា) ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2U-3787 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ហើយបានឆ្លងកាត់ខាងក្រោមស្ពានបំណងឡើងទៅផ្លូវលេខ៥៩៨ ក៏ត្រូវរថយន្ដម៉ាកហ៊ីយ៉ានដាយដឹកទឹកកក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C-6143 បើកបរតាមបណ្ដោយផ្លូវលេខ១១០ ទិសដៅពីកើតទៅលិច បុកចំពាក់កណ្ដាលរថយន្ដហើយជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ផងដែរ។

ប្រជាពលរដ្ឋបាននាំគ្នានិយាយថា បច្ចុប្បន្ន គ្រោះថ្នាក់កើតមានឡើង គឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន បើកលឿនមិនគោរពច្បាប់ ខ្វះការអត់ឱនអាធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។

ប្រជាពលរដ្ឋបន្តថា រថយន្តដឹកទំនិញសព្វថ្ងៃ ជាពិសេស គឺប្រភេទរថយន្តដឹកទឹកកក មិនមានលក្ខណ:គ្រប់គ្រាន់នោះទេ ហ្វ្រាំងមិនស៊ី គ្មានស្លាកលេខ ខ្លះអត់ទ្វារ អ្នកបើកបរសុទ្ធតែក្មេងស្ទាវមិនបានចូលរៀនក្នុងសាលាបើកបរ គ្មានប័ណ្ណបើកបរ គ្មានភ្លើបបំភ្លឺផ្លូវ គ្មានភ្លើងស៊ីញ៉ូជាដើម ទាំងនេះជាកត្តាងាយស្រួលបង្កឲ្យមានគ្រោះថ្នាក់។
ប្រជាពលរដ្ឋបានសំណូមពរដល់សាលារាជធានីមេត្តាចាត់វិធានការណ៍ចំពោះរថយន្តប្រភេទ ដឹកទំនិញ និងរថយន្តដឹកទឹកកកនេះតែម្តង។

ក្រោយពីកើតភាគីខាងរថយន្ដដឹកទឹកកកបានហៅរថយន្ដមួយគ្រឿងទៀតមកដឹកទឹកកកចេញ ចំណែករថយន្ដទាំងពីរកម្លាំងជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយ៕

មតិយោបល់