ព័ត៌មានជាតិ

រថយន្តម៉ាក កាមេរី មួយគ្រឿងត្រូវចោរលួចបាត់ស្រមោល នៅសង្កាត់ទឹកថ្លា

ភ្នំពេញ: រថយន្តមួយគ្រឿងម៉ាក កាមេរី ឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-6731 ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចទៅបាត់កាលពីម៉ោង១ និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្រោយផ្សារទឹកថ្លា ផ្ទះលេខ599 A ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក សឿន សុត្រា ដែលជាម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តរបស់លោកខាងលើបានចតនៅមុខផ្ទះដូចសព្វមួយដង និងមានបំពាក់ តេឡេ និងកាមេរ៉ាសុវត្ថិភាពនៅមុខផ្ទះថែមទៀតផង ប៉ុន្តែដោយសារតែយប់ជ្រៅពេកទើប លោក និងអ្នកផ្ទះបានគេងលង់លក់មិនបានឮសូរសម្លេងតេឡេរថន្តរបស់លោក រោទ៍ សោះ លុះព្រឹកឡើងក៏ស្រាប់តែមិនឃើញរថយន្ត ក៏ទៅឆែកមើលកាមេរ៉ាសុវត្ថិភាពទើបដឹងថា មានចោរលួចទៅបាត់។ លោកបន្តថា បើមើលនៅក្នុងវីដេអូដែលកាមេរ៉ាសុវត្ថិភាពថតបាននោះក្រុមចោរមានគ្នាពីរនាក់ ដោយម្នាក់ពាក់មួកសុវត្ថិភាព និងម្នាក់ទៀតបានយកក្រណាត់រុំមុខ ដើម្បីកុំឱ្យគេមើលស្គាល់។

លោក សឿន សុត្រា បានបញ្ជាក់ថា លោកកំពុងតែរៀបចំ និងរកមើលឯកសារពាក់ព័ន្ធនឹងរថយន្តនេះ ដើម្បីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា និងទៅដាក់នៅបញ្ជាកការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕

មតិយោបល់