បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១ និង ១៥នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់។
បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
យោងតាមបណ្តឹងជនរងគ្រោះឈ្មោះ បូណា តេងឡុង ភេទ ប្រុសអាយុ ១៩ឆ្នាំ មានទៅលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ អៀក សុខវង្ស ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ/សង្កាត់ជាមួយគ្នា បានមកខ្ចីម៉ូតូរបស់ខ្លួន ដើម្បីទៅបើកលុយនៅកន្លែងវីង ពេលជនសង្ស័យ បានម៉ូតូហើយក៏ជិះទៅបាត់ មិនឃើញមកវិញអស់រយៈពេលជាច្រើនថ្ងៃ ក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង ។
ក្រោយពីទទួលបានពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាថា ជនសង្ស័យ បានយកម៉ូតូខ្លួនទៅបញ្ចាំលេងល្បែងបាត់ហើយ ទើបកម្លាំងជំនាញ បានកោះហៅមកធ្វើការសាកសួរ ។
ក្រោយពីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅបញ្ចាំក្នុងតម្លៃ ២០.០០០បាត (ពីរម៉ឺនបាត) ដើម្បីយកលុយទៅលេងល្បែងប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាពជនសង្ស័យ និងយោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមទាំងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើ អាចត្រូវចោទពីបទ រំលោភលើទំនុកចិត្ត។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកម៉ូតូ ត្រូវបានកម្លាំងជំនាញ ធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ៕
មតិយោបល់