កណ្ដាលៈ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សា ត្រង់ចំណុចក្នុងការដ្ឋានសំណង់បុរីគ្រីស្ដាល់ ក្រុមទី៣៦ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។
ជនរងគ្រោះឈ្មោះ ស្មាន់ ម៉ារី ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ អ៊ីស្លាម មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានកើតហេតុ។
ជនសង្ស័យឈ្មោះ នុត វង្ស ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបុរីគ្រីស្តាល់ ភូមិសង្កាត់កើតហេតុ(ឃាត់ខ្លួន)។
សភាពរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានឈ្លោះប្រកែកជេរបញ្ចោរគ្នាជាមួយស្ត្រី ម្នាក់ទៀត ពេលនោះជនសង្ស័យក៏ដើរទៅមើល ហើយនិយាយថា ចាមនិងខ្មែរឈ្លោះគ្នាប៉ុណ្ណឹងហើយមិនព្រមវ៉ៃគ្នាទៀត ធ្វើឲ្យជនរងគ្រោះ ខឹងក៏បានជេរបញ្ចោរជនសង្ស័យ ពេលនោះជនសង្ស័យខឹង បានទាញដំបងវាយជនរងគ្រោះ៣ ដំបងចំដៃខាងស្តាំនិងភ្នែកខាងស្តាំបណ្តាលឲ្យមានរបួសស្នាម ហើយជនសង្ស័យរត់គេចខ្លួនបាត់ទៅ លុះមកដល់ថ្ងៃទី២៤ខែឆ្នាំដដែល ទើបប៉ុស្តិ៍រដ្ឋបាលតាខ្មៅបានធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់