ភ្នំពេញៈ ទើបលែងលះគ្នាបាន២ខែ ប្ដីឲ្យអស់មាស១តម្លឹង លុយ១ពាន់ដុល្លារ ស្រាប់តែអតីតប្រពន្ធដើមចាញ់ល្បែងអស់មកតាមរករឿងឈ្លោះប្រកែកគ្នាទារលុយ១០០ដុល្លារថែមទៀត បង្កការភ្ញាក់ផ្អើលពេញប៉ុស្តិ៍នគរបាលទួលសង្កែ១ កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមសម្ដីស្ត្រីជាប្រពន្ធក្រោយ បានរៀបរាប់ឲ្យដឹងថា កាលពីអំឡុងមុនភ្ជុំបិណ្ឌ រូបគាត់និងបុរសជាប្ដីបានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ហើយក៏មានទំនាក់ទំនងស្នេហាមួយគ្នា ដោយខាងបុរសជាប្ដីបានប្រាប់រូបគាត់ថា បានលែងលះគ្នាជាមួយប្រពន្ធដើមរួចហើយ លុះដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ គាត់ក៏បាននាំគ្នាទៅលេងផ្ទះនៅឯស្រុកកំណើត ស្រាប់តែលេចមុខប្រពន្ធដើមទៅរករឿងដល់ផ្ទះរបស់គាត់ធ្វើបង្កការភ្ញាក់ផ្អើលរហូតឈានទៅដល់នាំគ្នាទៅរកមេភូមិដើម្បីធ្វើកិច្ចសន្យាបញ្ចប់រឿងដោយខាងប្ដីឲ្យមាស១តម្លឹង ទៅខាងប្រពន្ធដើម។ លុះក្រោយមកមិនបានប៉ុន្មានផង ប្រពន្ធដើមមករករឿងម្ដងទៀត នៅក្នុងអំឡុងខែ១១ តែមិនចាំថ្ងៃ គាត់(ប្រពន្ធដើម)បានមកទារលុយ១ពាន់ដុល្លារទៀត គាត់និងប្ដីបានឲ្យទៀតដើម្បីបញ្ចប់។ លុះមកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញស្ត្រីជាប្រពន្ធដើមបានឡើងជិះឡានឈ្នួលមកពីស្រុក មករករឿងពួកគាត់ម្ដងទៀត ទើបគាត់រត់មករកឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ចំណែកអតីតប្រពន្ធដើមមិនបាននិយាយអ្វីទាំងអស់ ដោយគិតតែប្រកែកជាមួយប្រពន្ធក្រោយនិងបុរសអតីតជាប្ដីដោយទាមទារតែលុយ១០០ដុល្លារ និងឈប់រករឿង ។ ដោយឡែកបុរសជាប្ដីបានរៀបរាប់ថា រូបគាត់និងអតីតប្រពន្ធដើម បានចាប់ដៃគ្នាជាប្ដីប្រពន្ធប្រហែល២០ឆ្នាំហើយ ដោយមិនបានរៀបកានោះទេ ពួកគាត់មានកូន២នាក់ធំៗអស់ហើយ ។ គាត់បានបន្តថា ប្រពន្ធដើមរបស់គាត់ជាមនុស្សញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់គ្មានសល់ ទើបគាត់សុំលែងលះឈប់យកគ្នាជាប្ដីប្រពន្ធទៀត ដោយឲ្យមេភូមិជួយធ្វើកិច្ចសន្យា និងបានយល់ព្រមជាមួយគ្នារួចរាល់អស់ហើយតែនៅតាមមករករឿងគាត់ទាំង២នាក់ទៀត នៅពេលណាដែលអតីតប្រពន្ធចាញ់ល្បែងម្ដងៗ ។
ចុងក្រោយប្រពន្ធចុងព្រមឲ្យលុយ១០០ដុល្លារទៅប្រពន្ធដើម ហើយឲ្យនគរបាលប៉ុស្តិ៍ទួលសង្កែ១ ជួយធ្វើកិច្ចសន្យាបញ្ចប់បញ្ហា រួចក៏បាននាំគ្នាចេញទៅផ្ទះរៀងៗខ្លួន ៕
មតិយោបល់