ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅ៣ ក្តៅស្លឹកត្រចៀក ផ្លូវបេតុងទើបចាក់ហើយថ្មីៗ ឡានស៊ីម៉ង់ត៍បើកកាត់

ភ្នំពេញៈ ផ្លូវបេតុងមួយខ្សែប្រវែង៤៥០ម៉ែត្រ ឆ្លងកាត់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដែលមន្ទីរសាធារណកាលរាជធានីភ្នំពេញ ទើបសាងសង់ចាក់បេតុងហើយថ្មីៗ បែរជារងខូចខាត ប្រេះបែក បាត់ទៅហើយ បន្ទាប់ពីក្រុមរថយន្ត ស៊ីទែនពោងដឹកស៊ីម៉ង់ត៍ លួចបើកចេញចូលការ៉ាស់ក្បែរនោះ ខណៈដែលមិនទាន់អនុញ្ញាតឲ្យយានយន្តធុនធំ បើកឆ្លងកាត់នៅឡើយ ។

ដោយទង្វើរ សកម្មភាពរបស់ក្រុមរថយន្តដឹកស៊ីម៉ង់ត៍ធុនធំ រាប់តោន លួចបើក បង្ខិត រំកិល ថ្មឃាំង ដើម្បីចូលការ៉ាស់ ក្រុមហ៊ុនខ្លួន ដូចជាជ្រុលពេក និយាយមិនចេះស្តាប់គ្នា នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរសង្កាត់ ក្តៅស្លឹកត្រចៀកហើយ ហៅកម្លាំងលើកផ្ទាំងថ្ម ឈើ ឃាំងរាំងបាំជាថ្មី ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ដូចជាជ្រុលពេកហើយ ក្រុមហ៊ុនរថយន្តស៊ីទែនដឹកស៊ីម៉ង់ នៅចំណុចខាងលើ ផ្លូវបេតុងទម្រាំស្នើសុំបាន កសាងចាក់បានប៉ុននេះ រាប់ឆ្នាំហើយ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ ក៏ប៉ុន្តែ ក្រុមហ៊ុនខាងលើ រថយន្តសុទ្ធតែធុនធ្ងន់ រាប់សឹបតោន លួចបើកចូល បំផ្លាញផ្លូវបេតុងទើបចាក់បាន២សប្តាហ៍ មិនបានជួយថែរក្សាគ្នា បែរជាមកបំផ្លាញប្រយោជន៍ពលរដ្ឋ ។

ពលរដ្ឋបន្តទៀតថា ក្រុមហ៊ុនរថយន្តដឹកស៊ីម៉ង់ត៍ខាងលើ មិនមែនទើបថ្ងៃនេះទេ ជាយូរមកហើយ សូម្បីតែស៊ីម៉ង់ត៍មួយក្តាប់ ដី ថ្ម មួយបង្គី ក៏មិនមិនចំណាយយកជួសជុលផ្លូវដែរ មានតែបំផ្លិចបំផ្លាញប្រយោជន៍សាធារណៈ ទោះជាអាជ្ញាធរ ដាក់លិខិតអញ្ជើញហៅថៅកែ ពាក់ព័ន្ធ ការងារ ក្នុងមូលដ្ឋាន ក៏មិនខ្ចីរវល់ដែរ សង្ស័យអាងមានខ្សែស្រឡាយ សាច់ញាតិ អ្នកមានខ្នងក្រាស់ហើយមើលទៅ ចង់ពលរដ្ឋរអ៊ូរទាំបែបណាក៏មិនខ្វល់ ៕

មតិយោបល់