ក្រចេះ: នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី រួមទាំងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារស្នួល និងផ្សាកន្ទួត ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញធ្វើការវិភាគបឋមទៅលើម្ហូបអាហារមានដូចជា៖ ទំពាំងជ្រក់ ត្រសក់ចាវ និងត្រីប្រាសំយ៉ុង ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៩ប្រភេទ ស្មើនឹង ១១៨.៦៨ គីឡូក្រាម និងត្រសក់ចាវមានផ្ទុកសារធាតុគីមីហាមឃាត់ សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ចំនូន ៥គីឡូក្រាម។
បន្ទាប់ពីត្រួតពិនិត្យ រួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យា បញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់