ភ្នំពេញៈ បុរសស្រវឹងស្រាម្នាក់ បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកគូទ រថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចលើស្ពានមុនីវង្សចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែន ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0830 ធ្វើដំណើរក្នុងពីកើតទៅលិច បានឡើងស្ពានមុនីវង្សចាស់ ក្នុងល្បឿនលឿនបើកបរ ដោយក្នុងស្ថានភាពស្រវឹងជោកជាំ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូទ រថយន្តកុងតឺន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ចំណែករថយន្តកុងតឺន័រ មិនបានឈប់ទេ ក៏បើកបន្តដំណើរទៅមុខ បាត់តែម្ដង។
ភ្លាមៗនោះដែរគេឃើញម្ចាស់រថយន្ត ចុះមកមើលរថយន្ត រួចបានចូលក្នុងរថយន្តបញ្ឆេះវិញ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះតែម្ដង។ ឃើញដូចច្នោះម្ចាស់ បានដើរចេញពីរថយន្តគេចខ្លួនបាត់ ខណៈរថយន្តឆេះខ្លាំងឡើងៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកចំណុចកើតហេតុ ទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកបាញ់ពន្លត់ ទើបរលត់ទាំងស្រុងនៅវាលា ម៉ោង១និង៣០នាទីយប់នៅថ្ងៃខែឆ្នាំដដែល។ តែអ្វីគួរឲ្យអោយស្ដោកស្ដាយនោះ រថយន្តនេះបានឆេះហ្មត់ នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះ។
បន្ទាប់មករថយន្ត ត្រូវសមត្ថកិច្ចស្ទូចយកទៅស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
https://youtu.be/BexXL3kihTA














មតិយោបល់