ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលបាក់អស់១កង់ ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង និងតៃកុងរងរបួសស្រាល។
ហេតុការណ៍នេះ កើតឡើងនៅកាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដាលផ្លូវជាតិលេខ២ ចំណុចមុខវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តម៉ាកTACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R 6280 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតមកឆ្វេង ជ្រុលទៅក្បាលនាគចែកទ្រូងទាំងកំរោល បណ្ដាលបាក់អស់១កង់ ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាង ចំណែកតៃកុងរថយន្តជាប់នៅក្នុងរថយន្ត ត្រូវបានបងប្អូនប្រជាពរដ្ឋ វាយកញ្ចក់រថយន្តបំបែក ដើម្បីយកតៃកុងចេញមកខាងក្រៅ (រងរបួសស្រាល)។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញ ចុះវាស់វែងរួចស្ទូចរថយន្ តទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាយបន្តទៀត៕




មតិយោបល់