ព័ត៌មានជាតិ

ផ្សារបរកែវ និងផ្សារអូរយ៉ាដាវ ត្រូវសមត្ថកិច្ចរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់

រតនគិរីៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់ ក្នុងផ្សារបរកែវ និងផ្សារអូរយ៉ាដាវ ខេត្តរតនគិរី។

គោលបំណងនៃត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បានចំនួន ៣៥,៧២ គីឡូក្រាម។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ ហើយឲ្យតំណាងម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់