ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់!! បុរសម្នាក់ទះកំផ្លៀងប្រពន្ធជាច្រើនដៃដោយសារមានជំងឺប្រច័ណ្ឌ

បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហិង្សាដោយចេតនា ប្រព្រឹត្តដោយសហព័ទ្ធ កាលពីវេលាម៉ោង ១៦និង ៣០នាទីកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០និង០០នាទី ត្រង់ចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

យោងតាមប្រភពពីលោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា៖ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សាន លាភា ភេទស្រី អាយុ ២៨ឆ្នាំ បានបំភ្លឺឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ន ភារម្យ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិ/សង្កាត់កើតហេតុខាងលើ ត្រូវជាប្តីរបស់ខ្លួន(ជនរងគ្រោះ) តែងរករឿងឈ្លោះប្រកែកគ្នា ជេរប្រមាថ និងវាយដំលើរាងកាយជាញឹកញាប់ នៅថ្ងៃកើតហេតុជនសង្ស័យ(ប្តី) បានទៅទទួលខ្លួនចេញពីកន្លែងធ្វើការ ហើយបានឈ្លោះប្រកែកគ្នាតាមផ្លូវ រហូតឈានដល់ប្រើហិង្សាទះកំភ្លៀង វាយចំផ្ទៃមុខជាច្រើនដៃ និងបានយកបន្ទះឈើ វាយមកលើខ្លួនជាច្រើនទៀតផង ដោយខ្លួនស៊ូទ្រាំលែងបាន ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងតែម្តង ។

លោក ព្រហ្ម ថេង បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ កម្លាំងជំនាញបានកោះហៅមកធ្វើការសាកសួរ ។ ក្រោយពីធ្វើការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើប្រពន្ធពិតប្រាកដមែន ដោយសារខ្លួនមានការសង្ស័យ និងប្រចណ្ឌប្រពន្ធពេក។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង មានការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា តម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់