ក្នុងពិធីសម្ពោធ ក្រុមហ៊ុន KH Land Co., Ltd កាលពីព្រឹកថ្ងៃទី២៨ ឧសភា នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល តារាសិល្បៈមួយចំនួន ត្រូវគេឃើញបង្ហាញខ្លួន ខណៈដែលតារាចម្រៀង ហង្សមាស លោក ហ្សូណូ បានអះអាងថា ខ្លួនក៏កំពុងបោះជំហានចង់ក្លាយជាអ្នកលូកដៃក្នុងវិស័យនេះដែរ។ លោកថា ក្រៅពីការងារច្រៀងរាំ ជំនួញដីធ្លី គឺជាមុខរបរដ៏មានប្រសិទ្ធិភាពបំផុត របស់តារាសិល្បៈ ដែលត្រូវការការលើកកម្ពស់ជីវភាព ហើយមិនភ័យរឿងហានិភ័យ។
លោក ហ្សូណូ និយាយថា បរិយាកាសនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ តារាសិល្បៈកាន់តែមានចំនួនច្រើនឡើង កំពុងទទួលអត្ថប្រយោជន៍ពីគម្រោងដីធ្លីធំៗ ដោយលោក បានគូសបញ្ជាក់ថា តារាដែលលុកលុយ នៅក្នុងវិស័យមួយនេះ គឺទោះជាលុកលុយក្នុងតំណែងជាភាគហ៑ុន ឬជាអ្នកតំណាង សុទ្ធតែទទួលបាន ផលទាំងអស់។ បរិយាកាសថ្មីនេះ លោកយល់ថា ខ្លួនក៏គួរតែដល់ពេលគ្រប់គ្រាន់ហើយ ដើម្បីអាចចូលប្រឡូក ក្នុងជំនួញនេះ ដែលលោកយល់ថា គឺល្អបំផុតសម្រាប់ការបើកឱកាស អោយអ្នកសិល្បៈមានប្រាក់ចំណូល ប្រកបដោយនិរន្តរភាពឈានឡើង ហើយមិនភ័យរឿងបិទហាង។ លោកថា ក្រុមហ៊ុន KH Land Co., Ltd គឺជាជម្រើស ដែលលោកនឹងលូកដៃធ្វើអាជីវកម្ម បន្ទាប់ពីសិក្សា ជាមួយក្រុមហ៑ុននេះ ហើយមើលឃើញពីភាពជឿជាក់ ដែលលោកយល់ថា មិនភ័យរឿងហានិភ័យ។
លោក ថុន បូរ៉ា អគ្គនាយកក្រុមហ៑ុន បានមានប្រសាសន៍ថា ការទិញដីឡូតិ៍ គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នក ដែលមានចំណូលទាប និងក្រោមមធ្យម ដែលមានបំណងប្រាថ្នា ចង់បានដី ដែលជាទ្រព្យរយៈពេលវែង ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហើយវាជារឿងប្រសើរបំផុត បើមានតារាល្បីៗចូលរួម។ លោកប្រកាសស្វាគមន៍ សម្រាប់វត្តមានចូលរួមរបស់តារាសិល្បៈ ដែលក្នុងនោះ តារាចម្រៀងលោក ហ្សូណូ រូបលោក ក៏ពេញចិត្ត។ លោកមានប្រសាសន៍បន្តថា ជាមួយនឹងការលក់គម្រោងដីឡូតិ៍នេះ ក្រុមហ៊ុន បានផ្តល់ជម្រើសល្អៗ ជាច្រើនចំពោះអតិថិជន ដោយគាត់អាចសម្រេចចិត្ត ទិញដោយការបង់ប្រាក់ផ្តាច់ ឬអាចប្រើវិធីសាសត្របង់រំលស់ នៅក្នុងរយៈពេល២៤ខែ ដោយគ្មានការប្រាក់ ហើយបើគម្រោងមួយនេះ មានតារាចូលជួយ គឺសន្ទុះជោគជ័យពិតជាខ្លាំង»។
លោកបន្តថា មុនពេលចាប់ផ្តើមគម្រោងទី៥នេះ ក្រុមហ៊ុនបានធ្វើការសិក្សាយ៉ាងច្បាស់ និងស៊ីជម្រៅ នៅក្នុងការជ្រើសរើសទីតាំងសម្រាប់ការអភិវឌ្ឍគម្រោង ដែលមានកត្តាប្រជាសាស្ត្រ មានសក្ដានុពលលើផ្នែកសេដ្ឋកិច្ច ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរ ទៅលើការបង្កើតនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ។
ជាក់ស្ដែងដូចជាគម្រោងដីឡូតិ៍ទី៥ ដែលស្ថិតនៅភូមិសាស្ត្រខាងលើ គឺជាតំបន់មួយ ដែលងាយស្រួល ក្នុងការអភិវឌ្ឍ ព្រោះស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ ជិតតំបន់អភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុង ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលលោករំពឹងខ្លាំង។ លោកថា ក្រុមហ៊ុន KH Land Co., Ltd មានការចុះបញ្ជីយ៉ាងត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទទួលបានលិខិតអនុញ្ញាតវិនិយោគអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើនគម្រោងរួចមកហើយនៅលើផ្ទៃដីរាប់សិបហិកតា ហើយលោកយល់ថា បើតារាសិល្បៈចូលរួម ពិសេសលោកហ្សូណូ គឺពិតជាមានសន្ទុះលឿន៕
មតិយោបល់