កម្មករចៀរជ័រកៅស៊ូក្រុមហ៊ុន ហ្គោលហ្វ័សុនម្នាក់ ផឹកថ្នាំពុលសម្លាប់ខ្លួន

កំពង់ធំៈ នៅថ្ងៃព្រហស្បតិ៍ ០៧រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៣និង៥៦នាទី មានករណីមនុស្សស្លាប់ដោយសារផឹកថ្នាំពុល ស្ថិតនៅក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ធុន ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើតនៅភូមិកំពង់រាបក្រោម ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ សព្វថ្ងៃរស់នៅភូមិកើតហេតុ មុខរបរជាកម្មករចៀរជ័រកៅស៊ូរបស់ក្រុមហ៊ុន ហ្គោលហ្វ័សុន ។

សភាពនៃរឿងហេតុ៖ តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ខេន ស្រីមុំ អាយុ២៣ឆ្នាំ ត្រូវជាប្រពន្ធ (របស់សព) បានរៀបរាប់ថា ប្ដី-ប្រពន្ធទាំងពីរនាក់ រស់នៅជាមួយគ្នារយៈពេលជិតមួយឆ្នាំមកហើយ មិនដែលមានទំនាស់ក្នុងក្រុមគ្រួរសារអ្វីនោះទេ ។ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ជនរងគ្រោះមិនទៅចៀរជ័រកៅស៊ូទេ ព្រោះនៅធ្វើការងារនៅផ្ទះធម្មតា រហូតដល់ពេលយប់ជនរងគ្រោះ និងប្រពន្ធបានចូលដេកក្នុងបន្ទប់ទាំងពីរនាក់ ។ លុះដល់វេលាម៉ោង២២ និង៣០នាទី ជនរងគ្រោះ ប្រាប់ប្រពន្ធថាចេញទៅមុជទឹក នៅបន្ទប់ទឹកក្រៅផ្ទះ មួយសន្ទុះមកប្រហែលជាម៉ោង២២ និង៤៥នាទី ប្រពន្ធមិនឮសូរចាក់ទឹក ខ្លួនក៏អើតមើលតាមបង្អួច ឃើញប្ដីរបស់ខ្លួនដួលនឹងដីនៅខាងក្រោយផ្ទះ ប្រពន្ធបានហៅម្តាយ និងបងប្អូនទៅមើលទើបឃើញថ្នាំពុល ហៀរពេញមាត់ប្ដីប្រឡាក់ពេញខ្លួន ដៃកាន់ដបថ្នាំពុល ហើយជនរងគ្រោះនិយាយប្រាប់ប្រពន្ធថា ខ្លួនផឹកថ្នាំពុល បន្ទាប់មកក្រុមគ្រួសារបានដឹកបញ្ជូនជនរងគ្រោះទៅពេទ្យឯកជនមួយកន្លែងនៅភូមិបាក់ស្នា តែដោយសារអ្នកជំងឺធ្ងន់ធ្ងរពេក នាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យត្រពាំងស្វាយបន្ត ពេលទៅដល់ពេទ្យបានដាក់សេរ៉ូមលាងក្រពះរួច ម៉ោងប្រហែល២៤ និង០០នាទីជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ បាននាំគ្នាដឹកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព ។ ការពិនិត្យនៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ ។ បន្ទាប់ពីពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ សនិ្នដ្ឋាន៖ មូលហេតុ ជនរងគ្រោះឈ្មោះ ធុន ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ ស្លាប់ដោយសារផឹកថ្នាំពុលពិតប្រាកមែន ៕

មតិយោបល់