សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលមូលដ្ឋាន និងនគរបាលខេត្ត សហការគ្នាស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆក់ទូរស័ព្ទ នៅស្រុកប្រាសាទបាគង។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ហហង្ស សូផាតភីរម្យ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយមានបទបញ្ជារផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យលោកនិងកម្លាំងនគរបាលមូលដ្ឋាន តាមប្រម៉ាញ់ ករណីនេះតែម្តង។
លោកបន្តថា ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះរ៉េត មករា ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតសង្កាត់អរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ទី២.ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតភូមិព្រែកព្រះស្តេច ឃុំ/ស្រុក/ខេត្តបាត់ដំបង ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោកបន្តថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ៦ មុខសាលាបឋមសិក្សាស្វាយធំ ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាហ្សូមឺអ៊ិច ផលិតឆ្នាំ២០១៧ ពណ៌ទឹកក្រូចលាយខៀវ ពាក់ស្លាកលេខសៀមរាប១Y-៣៤២២ ដោយឈ្មោះទីវ ហ៊ុន ជាអ្នកបើកម៉ូតូ ឈ្មោះរ៉េត មករា ជិះខាងក្រោយធ្វើសកម្មភាពឆក់ ពេលជិះដល់ចំណុចកើតហេតុខាងលើ ឃើញជនរងគ្រោះឈ្មោះ ផន ចាន់ថា ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅភូមិគោកត្រាច ឃុំ/ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងជិះម៉ូតូពីកើតមកលិចទិសដៅស្របគ្នា ជនសង្ស័យបានជិះទៅអែបជិតជនរងគ្រោះ ហើយឈ្មោះរ៉េត មករា បានធ្វើសកម្មភាពលូកឆក់បានទូរស័ព្ទមួយគ្រឿងម៉ាកOppo ពណ៌ក្រហម បានសម្រេចហើយជិះគេចខ្លួនបាត់។
រហូតដល់វេលាម៉ោង១៦និង៣០នាទី ជនសង្ស័យឈ្មោះទីវ ហ៊ុន បានយកទូរស័ព្ទដែលឆក់យកបានទៅលក់នៅហាងទូរស័ព្ទមួយកន្លែងនៅម្តុំផ្សារស្វាយធំកំពុងតែចរចាតម្លៃស្រាប់តែម្ចាស់ទូរស័ព្ទទៅទាន់ជនសង្ស័យឈ្មោះទីវ ហ៊ុន បានទម្លាក់ទូរស័ព្ទចោលហើយរត់គេច ហើយជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចទៅដល់មើលកាមេរ៉ាសុវត្ថិភាពក៏កំណត់អត្តសញ្ញាណបាន ចុះទៅដល់ផ្ទះជនសង្ស័យហើយបាននាំយកជនសង្ស័យឈ្មោះទីវ ហ៊ុន ហើយបានសហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបន្តចុះបង្ក្រាបបានឈ្មោះរ៉េត មករា កំពុងដេកក្នុងបន្ទប់ជួលភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ក្រោយពីសួរនាំរួចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពឆក់ពិតមែន។
លោកបានបញ្ជាក់ថា ជនសង្ស័យទាំង២មានផ្ទុកសារធាតុញៀន ហើយបច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់