ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ ស្ថានីយឧតុនិយម និងជលសាស្រ្តស្វ័យប្រវត្តិចំនួន៣០ ស្ថានីយទៀត បាននឹងកំពុងដំឡើងនៅតាមបណ្តា រាជធានី/ខេត្ត

ភ្នំពេញ: នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិ (Automatic Weather Station) ចំនួន១៥ និងស្ថានីយជលសាស្ត្រ (Automatic Hydro-met Station) ចំនួន១៥ទៀត កំពុងតែដំណើរដំឡើងនៅតាមបណ្តារាជធានី និងខេត្តមួយចំនួនហើយ នឹងអាចរួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០១៦ ខាងមុខនេះ។

ក្រសួងធនធានទឹកបន្តទៀតថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ដែលមាននាទីសម្រាប់ធ្វើការវាស់អាកាសាធាតុនៅកម្ពុជា រួមានចំនួន១៥ ស្ថានីយននោះ កំពុងតែដំឡើងនៅតាមបណ្តារាជធានីខេត្តចំនួន១៣ សម្រាប់ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិមាននាទីសម្រាប់វាស់កម្ពស់ទឹកនោះ ត្រូវបានដំឡើងចំនួន ៤ខេត្តទៀតនោះ មាននៅក្នុងស្ទឹងជីនិត-តាំងក្រសាំង, ស្ទឹងសែន, ស្ទឹងស្ទោង, ស្ទឹងជីក្រែង និងស្ទឹងសង្កែ។

សូមរំឭកផងដែរថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន២០ ស្ថានីយ និងស្ថានីយជលសាស្រ្តស្វ័យប្រវត្តិចំនួន១៥ ស្ថានីយ ដែលកំពុងដំណើរការ ជាប្រក្រតីនៅតាមបណ្តារាជធានីខេត្តមួយចំនួនរួចមកហើយ។ ហេតុដូច្នេះហើយ នៅចុងឆ្នាំ២០១៦ ខាងមុខ ក្រសួងនឹងមានស្ថានីយឧតុនិយមស្វ័យប្រវត្តិ សរុបចំនួន ៣៥ ស្ថានីយ និង ស្ថានីយជលសាស្រ្តស្វ័យប្រវត្តិ ចំនួន ៣០ ស្ថានីយ បន្ថែមទៀត៕

មតិយោបល់