ព័ត៌មានជាតិ

Update៖ រថយន្តបែនដឹកថ្ម ទ្បូហ្គោ Camel បើកលឿនបុកពីក្រោយរថយន្តកូរ៉េ រុញទៅបុកម៉ូតូ របួសប្ដីប្រពន្ធ២នាក់

ភ្នំពេញ: យ៉ាងហោចណាស់ប្រុសស្រី្ត២នាក់ (ប្ដីប្រពន្ធ) បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកថ្ម បើកបុករុញរថយន្តកូរ៉េ បន្តទៅជាន់ម៉ូតូ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-6937 ដឹកថ្ម ទ្បូហ្គោ Camel បើកបរល្បឿនលឿន ពីលិចទៅកើត ដល់ចំណុចខាងលើ ជ្រុលបុកពីក្រោយ រថយន្តកូរ៉េ ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-1642 ដែលកំពុងឈប់រង់ចាំមធ្យោបាយឆ្លងកាត់ ក៏រុញទៅបុកជាន់ម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១១ ឡើងតែម២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1AW-5566 ដែលកំពុងឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសបាក់ជើង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែករថយន្តចំនួន២គ្រឿង ម៉ូតូមួយគ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់