ព័ត៌មានជាតិ

ថៅកែស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ជិះរថយន្តស៊េរីទំនើប ស្លាកលេខជាន់គ្នា ជាមួយម្ចាស់រថយន្តព្រូស កើតរឿងប្ដឹងផ្ដល់គ្នា ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ ថៅកែស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ជិះរថយន្តស៊េរីទំនើប ម៉ែកសឺដេស ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AB-៥៣០៦ ជាន់គ្នា ជាមួយម្ចាស់រថយន្តព្រូស ដែលត្រូវជនសង្ស័យលួច ធ្វើឲ្យមានការប្ដឹងផ្ដល់គ្នា ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ កាលវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែឧសភាឆ្នាំ២០១៩ នៅចំណុចផ្លូវ៤៨៤ កែងផ្លូវ៩៩ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជិនសោភ័ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរប្រធានផ្នែកដេរ ស្នាក់នៅផ្ទះលេខ៤១ផ្លូវ៤៣០ ស្ថិតនៅភូមិ១៣ សង្កាត់ផ្សារដើមថ្កូវ។

ដំណើររឿង៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ បានចតរថយន្តមុខផ្ទះ ដោយមិនដឹងថា មានជនសង្ស័យណាមក លួចគាស់ស្លាកលេខរថយន្តទាំងមុខនិងក្រោយតាំងពីពេលណាទេ។

ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្តិ៍ ។ លុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅពេលចូលចាក់សាំង ក្នុងស្ថានីយប្រេងតូតាល់ ជនរងគ្រោះស្រាប់តែប្រទះឃើញ ស្លាកលេខរថយន្តខ្លួន នៅជាប់និងរថយន្តម៉ែកសឺដេសស៊េរីទំនើប ទើបទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍ ឲ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានបណ្ដឹង សមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ រួចបានហៅម្ចាស់រថយន្តម៉ែកសឺដេស មកសួរនាំ និងផ្ទៀងផ្ទាត់ឯកសារ។

យ៉ាងណាមិញរឿងភ្ញាក់ផ្អើលមួយនេះ ម្ចាស់រថយន្តទាំង២គ្រឿង បានសុំសម្រួលគ្នា មិនពឹងសមត្ថកិច្ចនោះទេ ដោយភាគីបុរសម្ចាស់ រថយន្តព្រូស សុំដកពាក្យបណ្ដឹង មិនចង់វែងឆ្ងាយ គ្រាន់តែសុំថៅកែស្ថានីយ៍ប្រេងឥន្ឋៈតូតាល់ ដោះស្លាកលេខចេញ ពីរថយន្តម៉ែកសឺដេស ឲ្យមកគាត់វិញ ដើម្បីបញ្ចប់រឿង។

ករណីនេះដែរ កំពុងធ្វើឲ្យពលរដ្ឋមានការងឿងឆ្ងល់ថា ហេតុអ្វីមន្ត្រីជំនាញ អាចធ្វើស្លាកលេខជាន់គ្នាបែបនេះ៕

មតិយោបល់