ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ដែលឆក់កាបូបភ្ញៀវជនជាតិអ៊ឺរ៉ងត្រូវនគរបាលខេត្តសៀមរាបចាប់បានហើយ

សៀមរាបៈ ជនសង្ស័យ២នាក់ ដែលឆក់កាបូបភ្ញៀវទេសចរណ៍តាមផ្លូវទៅប្រាសាទអង្គរ បណ្តាលឲ្យរងបួសនោះ ត្រូវបានកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

លោក ហហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយមានបទបញ្ជារផ្ទាល់ របស់លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោក ភឹង ចន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យថា លោកនិងកម្លាំងនគរបាលមូលដ្ឋាន ធ្វើការតាមប្រម៉ាញ់ករណីនេះ រហូតឈានដល់ការឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

លទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទី១/ឈ្មោះ រ៉េត មករា ភេទប្រុស អាយុ ២៣ឆ្នាំ ស្រុកកំណើត សង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប និងទី២/ឈ្មោះ ទីវ ហ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិព្រែកព្រះស្តេច ឃុំ/ស្រុក/ខេត្តបាត់ដំបង ទីលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បញ្ជាក់៖ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ មានករណីចោរចំនួន ០៣នាក់ បានឆក់កាបូបភ្ញៀវទេសចរបរទេស (ជនជាតិអ៊ីរ៉ង់) នៅតាមបណ្តោយផ្លូវកូម៉ៃ(ផ្លូវឆ្ពោះទៅប្រាសាទអង្គរវត្ត) ដែលបណ្តាលឲ្យជនរងគ្រោះ ធ្លាក់ពីលើរ៉ឺម៉កម៉ូតូរងរបួសបន្តិចបន្តួច។ ជាមួយនោះដែរ ក្រុមចោរបានយកកាបូបទៅបាត់ដែលក្នុងកាបូបនោះ មានលុយលិខិតឆ្លងដែន​(Passport) ឯកសារនិងរបស់របរមួយចំនួនទៀត។

បន្ទាប់ពីទទួលបានព័ត៌មានពីកន្លែងកើតហេតុភ្លាម សមត្ថកិច្ចនគរបាល ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស្រាវជ្រាវ និងឈានទៅកំណត់មុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យចំនួន២រូបផងដែរ។ ក្នុងឧបទ្ទេវហេតុនេះរដ្ឋបាលខេត្តបានគិតគូរ និងយកចិត្តទុកដាក់ចំពោះជនរងគ្រោះ នូវការចំណាយមួយចំនួនផងដែរ។

រដ្ឋបាលខេត្តសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋសហការឲ្យបានស្អិតរមួត ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការផ្តល់នូវព័ត៌មានដែលកើតមានឡើង នៅក្នុងមូលដ្ឋានរបស់ខ្លួនទៅសមត្ថកិច្ចឲ្យបានទាន់ពេលវេលា ដើម្បីបង្ក្រាបឲ្យបានទាន់ពេល។ ករណីនេះលោកអភិបាលខេត្តសៀមរាប ជួយសាហ៊ុយព្យាបាលទាំងស្រុង និងជួយទាំងសម្រួលឯកសារក្នុងដំណើរត្រឡប់ទៅប្រទេសវិញ ហើយលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានជួយសាហ៊ុយចំនួន​៥០០ ដុល្លារផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបញ្ជាក់ថា រាល់ឯកសារទាំងអស់សមត្ថកិច្ចបានរកឃើញ និងប្រគល់ឲ្យជនរងគ្រោះវិញហើយ៕

មតិយោបល់