ភ្នំពេញៈ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនជ្រុលចង្កូតទៅបុក ម៉ូតូពេញទំហឹងដួលបោកទៅលើថ្នល់ បណ្តាលឲ្យអ្នកជិះម៉ូតរងរបួសបាក់ដៃ ចេញឆ្អឹងមកក្រៅ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវដួងងៀប ជិតរោងចក្រសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-6074 ធ្វើដំណើរពីជើងទៅត្បូង។
ជនបង្កបើករថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-6069 មានវ័យប្រហែល ៤០ឆ្នាំ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរបញ្ជ្រាសទិសគ្នាជាមួយជនបង្ក ស្រាប់តែធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តបង្កបើកយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសដាច់កដៃឆ្វេងសន្លប់ស្តូក ចំណែកម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ បន្ទាប់ពីបង្កហេតុរួចព្យាយាមបើករថយន្តរត់គេច បានចម្ងាយប្រហែល ១០០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអស់មួយភូមិ មកស្ទាក់ចាប់បាន រួចទាមទារឲ្យសមត្ថកិច្ចវាស់រកជាតិអាកុលក្នុងខ្លួនជនបង្ក និងរង់ចាំសាច់ញាតិជនរងគ្រោះ មកដល់កន្លែងកើតហេតុសិន មុននាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល។
សូមបញ្ជាក់៖ ភ្លាមៗនោះ កម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ បានចុះទៅនាំជនបង្ក ចេញពីកន្លែងកើតេហតុ ដោយសារខ្លាចក្រែងកើតមានហិង្សាជាយថាហេតុ។
ក្រោយមកសមត្ថកិច្ចជំនាញវាស់វែង រួចយករថយន្ត និងម៉ូតូព្រមទាំងជនបង្ក ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ៕
មតិយោបល់