ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតអាមេរិក William A. Heidt នឹងត្រឡប់ពីការជិះឧទ្ធម្ភាគចក្រមើលព្រៃឡង់ នៅថ្ងៃចន្ទ ទី ១៨ ខែមេសា ឆ្នាំ ២០១៦ ដោយចុះចតនៅម៉ោង ១១:៣០ នាទីព្រឹក នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel (ទីតាំង២៦ សីហាចាស់ តាមផ្លូវសុធារស ភ្នំពេញ)។ មានវត្តមានចូលរួមជាមួយលោកឯកអគ្គរដ្ឋទូត Heidt នៅក្នុងដំណើរនេះមានលោក បណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក បណ្ឌិត ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ តំណាងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ក៏ចូលរួមផងដែរ ជាផ្នែកមួយនៃគំរោងគាំទ្រព្រៃឈើ និងជីវសាស្រ្តចំរុះ ដែលអនុវត្តដោយអង្គការ Winrock International ។
បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រនេះគឺដើម្បីលើកកំពស់ការយល់ដឹងលើការបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាល ក្នុងការការពារព្រៃឈើ។ ការមកជួបគ្នានៃផ្នែកក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ហើយនិងក្រសួងមហាផ្ទៃជួយបង្ហាញឲ្យឃើញការគាំទ្រ និងកិច្ចសហប្រតិបតិ្តការអន្តរក្រសួង ក្នុងការការពារព្រៃឡង់។
បន្ទាប់ពីចុះចតនៅរាជធានីភ្នំពេញ លោកឯកអគ្គរដ្ឋទូត Heidt និងមន្រ្តីកម្ពុជានឹងធ្វើសន្និសីទសារព័ត៌មានខ្លីមួយ។ អ្នកសារព័ត៌មានដែលចង់យកព័ត៌មានក្នុងពិធីនេះ គួរទៅដល់សណ្ឋាគារ Sofitel Phnom Penh Phokeethra Hotel ត្រឹមម៉ោង ១១:១៥ ព្រឹក។
ព័ត៌មានជាតិ
មតិយោបល់