ព័ត៌មានជាតិ

បុគ្គលិកក្លឹបហ្សូមម្នាក់ ជាមួយបក្ខពួកម្នាក់ទៀត ត្រូវសមត្ថកិច្ច ឃាត់ខ្លួននៅផ្ទះសំណាក់ សំណាង មានលាភ ករណីគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ កម្លាំងប៉ុស្តិ៍ត្រពាំងក្រសាំង ចាប់ឃាត់ខ្លួនបាន រួមជាមួយថ្នាំញៀន៤កញ្ចប់ ឧបករណ៍ជក់ ខណ:ដែលកម្លាំងតាមស្រាវជ្រាវស្វែងរកជនសង្ស័យ មុខសញ្ញាលួច តែមិនជួបមកប៉ះចំជនសង្ស័យគ្រឿងញៀនទៅវិញ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះសំណាក់ សំណាង មានលាភ តាមផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទី១ ឈ្មោះ ឆូយ ណាឈី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បម្រើការងារនៅក្លឹបហ្សូម ស្នាក់នៅ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិកំពង់ហ្លួង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងទី២ ឈ្មោះ ចាន់ វី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន ជនសង្ស័យខាងលើ ដកហូតបានថ្នាំញៀន៤កញ្ចប់ ក្នុងនោះ១កញ្ចប់ធំ ឧបករណ៍ជក់គ្រឿងញៀន ម៉ូតូលេត មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CP-6547 ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ ឲ្យបង្ក្រាប និងទប់ស្កាត់រាល់បទល្មើស ផ្សេងៗក្នុងមូលដ្ឋាន ទើបកម្លាំងជំនាញខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងក្រសាំង ស្រាវជ្រាវតាមស្វែងរកជនសង្ស័យ ជាមុខសញ្ញាលួច ក្នុងមូលដ្ឋាន ក្រោយពីទទួលពត៌មាន បក្ខពួកជនសង្ស័យ ធ្លាប់ចេញចូល ជួលបន្ទប់ផ្ទះសំណាក់ខាងលើ ទើបកម្លាំងចុះទៅ តែរកមិនជួប បែរជាមកជួប ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀនទៅវិញ ទើបចាប់ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

មតិយោបល់