ស្ទឹងត្រែងៈ អាជ្ញាធរមីនកម្ពុជាបានរំឭកឲ្យកម្លាំងបោសសម្អាតមីនកំពុងធ្វើសកម្មភាព នៅតាមមូលដ្ឋាននានា ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ចំពោះការបំពេញ បេសកកម្មរបស់ខ្លួន ក្នុងការរុករកគ្រាប់រំដោះផ្ទៃដី ជូនប្រជាពលរដ្ឋធ្វើស្រែចម្ការ ដើម្បីបញ្ចៀសឲ្យផុតពីការគ្រោះថ្នាក់ ដោយសារគ្រាប់ដែលនៅសល់ពីសង្គ្រាម។
លោក លី ធុច ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការអាជ្ញាធរមីនកម្ពុជា ថ្លែងក្នុងពិធីចុះសួរសុខទុក្ខកងកម្លាំងបោសសម្អាតមីន និងកាកសំណល់សល់ពីសង្គ្រាមនៅឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៦។
អាជ្ញាធរមីនកម្ពុជាបានបន្ដថា ដោយសារប្រទេសកម្ពុជា មានសង្គ្រាមបានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះកប់នៅក្នុងដី មានបរិមាណច្រើន បណ្តាលឲ្យកសិករបាត់បង់ដីធ្លី ហើយខ្លះបានក្លាយជាជនពិការ ដូចនេះ តម្រូវឲ្យយើងរួមបោសសម្អាតកាកសំណល់ទាំងនេះ។
លោកទេសរដ្ឋមន្ត្រីបានស្នើឲ្យកម្លាំងមជ្ឈមណ្ឌល ដែលកំពុងបំពេញបេសកកម្មនេះ ត្រូវបង្កើនសុវត្ថិភាពទទួលខុសត្រូវលើការងាររបស់ខ្លួន ដើម្បីធ្វើឲ្យសកម្មភាពរំដោះផ្ទៃ ដីជូនប្រជាពលរដ្ឋទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។ បងប្អូនយើងដែលធ្វើការជាមួយគ្រាប់រំសេវនេះ ចំណុចសំខាន់ចាប់ផ្តើមពីសុវត្ថិភាពអាទិភាពសុវត្ថិភាពបងប្អូន ទី១.មានសម្ភារៈល្អប្រើប្រាស់ បច្ចេកទេសដែលយើងបានសរសេរ ជាលាយលាក់អក្សរបានច្បាស់លាស់ ដើម្បីជាសុវត្ថិភាព ចំបងរបស់បងប្អូនយើងដែលធ្វើការប្រចាំថ្ងៃ នៃការដោះមីមនេះក៏ដូចជាសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋយើង។
លោកវរៈសេនីយ៍ត្រី ចាន់ ថន មេបញ្ជាការរងកងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះលេខ៦០៣មានប្រសាសន៍ថា ក្រុមបោសសំអាតបានប្រើកំលាំង១៣៥នាក់ រុករកគ្រាប់លើផ្ទៃដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលក្នុងនោះប្រទះឃើញគ្រាប់ទម្លាក់ពីលើយន្តហោះជាច្រើនគ្រាប់ ហើយគ្រាប់ទាំងនោះជាគ្រាប់បានបន្សល់ទុកតាំងពីសម័យសង្គ្រាមក្នុងទសវត្សឆ្នាំ៧០។
លោកមេបញ្ជាការរងបញ្ជាក់ថា រាល់ការចុះបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ កប់ក្នុងដីក្រុមការងារបានអនុវត្តទៅតាមបច្ចេកទេស និងបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនចុះធ្វើប្រតិបត្តិការពេលចេញប្រតិបត្តិការ គឺមានមេកង មេក្រុម ត្រូវត្រួតពិនិត្យសម្ភារៈទាំងអស់ ដែលបំពាក់ឲ្យដូចជា P B E ដែលហៅថា អាវក្រោះនេះ មួកសុវត្ថិភាពនិងសម្ភារៈផ្សេងៗទៀត ដើម្បីសុវត្ថិភាពខ្លួនឯង គឺយើងយកតែម៉ាស៊ីនណាល្អបំផុត ចូលមកកន្លែងធ្វើប្រតិបត្តិការក្នុងការបោសសំអាតមីន នេះយើងធានាបាន១០០ភាគរយ ដោយសារយើងមានជំនាញពិតប្រាកដ។
សូមបញ្ជាក់ថា ក្រុមការងារមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីននិងកាកសំណល់ពីសង្គ្រាមបានមករុករកគ្រាប់មិនទាន់ផ្ទុះនៅឃុំព្រះរំកិលមានរយៈពេលជិត២ខែមកហើយ រំដោះផ្ទៃដីជូនប្រជាពលរដ្ឋបានជាង២លាន២៥០ម៉ឺនម៉ែត្រការេ រកឃើញគ្រាប់ប្រភេទ BLU ២៤ចំនួន១៨ គ្រាប់ និងBLU៤២ចំនួន៧៨គ្រាប់ អំបែង១០២០ដុំ និងធ្វើការកំទេចចោលនៅប្រភេទគ្រាប់ដែលខូចទ្រង់ទ្រាយដើមមិនអាចចល័តបានចំនួន២១គ្រាប់៕
មតិយោបល់