ភ្នំពេញៈ បុរសជាសន្តិសុខឯកជនមួយរបស់ក្រុមហ៊ុន CJS ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួនតែម្នាក់ឯងមិនដឹងតាំងពីពេលណានោះទេ រហូតដល់ព្រឹកឡើងបាត់មិនឃើញក្រោកទៅធ្វើការក៏ត្រូវមិត្តភក្តិម្នាក់មកដាស់ហៅឱ្យទៅធ្វើការទើបដឹងថា ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ និងបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹកតែម្តង។ ហេតការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅន្ទប់ផ្ទះជួល១០១ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរមានបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សុខ សុភ័ក្រ្ត ហៅ ព្រឺន អាយុ ២៥ ឆ្នាំ មុខរបរជាសន្តិសុខរបស់ក្រុមហ៊ុន CJS (ស្នាក់នៅក្នុងបន្ទប់ជួលខាងលើជាមួយមិត្តភក្តិជាសន្តិសុខម្នាក់) មានប្រពន្ធឈ្មោះ កែវ ស្រីស្រស់ អាយុ ២១ឆ្នាំ ជាកម្មការិនីរោងចក្រ និងទើបតែរៀបការបានចំនួន ៥ខែប៉ុណ្ណោះ ហើយមានស្រុកកំណើតនៅភូមិជីរោទ៍លើ ឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាមួយគ្នា។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុ ខណៈដែលដល់ម៉ោងធ្វើការហើយមិនបានឃើញបុរសរងគ្រោះទៅយាមនោះ បុរសម្នាក់ជាមិត្តភ័ក្ត្រដែលស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាឈ្មោះ ថុង សុភាព អាយុ ៣៣ឆ្នាំ ជាសន្តិសុខជាមួយគ្នាបានទៅគោះទ្វារបន្ទប់ហៅ តែមិនមានអ្នកណាម្នាក់បើកឡើយដោយដាក់គន្លឹះខាងក្នុងជាប់ ក៏បានរត់ទៅហៅម្ចាស់ផ្ទះជួលឱ្យជួយមកមើល និងនាំគ្នាគាស់បង្អួចបើកគន្លឹះទ្វារបើកចូលទៅក៏បានប្រទះឃើញបុរសរងគ្រោះស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលកើតឡើង និងរាយការណ៍ប្រាប់ទៅកម្លាំងមានសម្ថកិច្ចឱ្យបានដឹងពីរឿងនេះ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចក៏បានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះបានស្លាប់ដោយសារតែខ្យល់គរ ទើបប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ បញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតរបស់ខ្លួនវិញ៕
មតិយោបល់