ព័ត៌មានជាតិ

ជើងខ្លាំង Hack Facebook របស់គេរហូតដល់ជាង២០០គណនីយនិង៥០គណនីយដែលត្រូវបានយុវជនម្នាក់នេះឆបោកគ្រប់ទម្រង់រូបភាព

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា យុវជនម្នាក់នេះត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានរបស់លោក ដោយដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យុវជនម្នាក់នេះឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិខ្មែរ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៧ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្លូវ១៩៨១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង រៀល សុភិន។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បុគ្គលរូបនេះ ត្រូវបានជនរងគ្រោះដាក់ពាក្យបណ្ដឹងពីបទ លួចចូលប្រើប្រាស់គណនី Facebook អ្នកដទៃ ដោយគ្មានការអនុញ្ញាតិ រួចឆាតទៅខ្ចីប្រាក់ពីមិត្តភ័ក្រនៅក្នុង Facebook ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយ ដែលកន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹង ជាច្រើនពីជនរងគ្រោះ។

ក្រោយធ្វើការចាប់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា ធ្លាប់បានធ្វើការឆបោកប្រាក់ជាច្រើនសារ ហើយរូបគេ បានលួចចូលគណនី Facebook បានប្រហែល ២០០គណនី និងជាង ៥០គណនី ទទួលបានប្រាក់ពីការឆបោក។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់