ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតដាវសាំមវ៉ៃចំនួន៣ដើម

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចជិះល្បាតចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើការឆែកឆេររកឃើញដាវសាំមរ៉ៃចំនួន៣ដើម កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខបណ្ណាល័យហ៊ុនសែន តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

ជនសង្ស័យទី១ឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ២០ឆ្នាំ ជាសន្តិសុខយាមផ្ទះសំណាក់មួយកន្លែង ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន និងទី២មានឈ្មោះ ឡុង ឡៃយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបមិនពិតប្រាកដ និងទី៣ឈ្មោះ រ៉េត ថារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរពិតប្រាកដអ្នកទាំង២ ស្នាក់នៅបន្ទប់ជួលក្បែរ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌទួលគោក បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការជិះល្បាត ក្នុងមូលដ្ឋាន ដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតទៅដោយប្រការណាមួយ នៅក្នុងមូលដ្ឋាន។

លុះពេលជិះល្បាតមកដល់ខាងក្រោមស្ពានអាកាស៧មករា ក៏ស្រាប់តែប្រទះឃើញជនសង្ស័យទាំងបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BP-2124 ឌុបគ្នាតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ច ក៏បានហៅជនសង្ស័យទាំង៣នាក់ខាងលើ ឲ្យឈប់ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យ។ តែខណ:ដែលជនសង្ស័យឃើញកម្លាំងសមត្ថកិច្ច ក៏ភ័យស្លន់ស្លោហើយបានព្យាយាម ជិះរត់គេចខ្លួនទៅមុខ តែក៏ត្រូវបានកម្លាំងសមត្ថកិច្ច ជិះដេញតាមពីក្រោយរហូតទៅដល់ចំណុចកើតហេតុ ទើបអាចធ្វើការស្ទាក់ចាប់បាន។

បន្ទាប់មកសមត្ថកិច្ច បានធ្វើការឆែកឆេរត្រួតពិនិត្យក៏ប្រទះឃើញដាវកែច្នៃចំនួន៣ដើម ដែលក្រុមជនសង្ស័យ បានដាក់នៅលើកែបម៉ូតូ រួចអង្គុយពីលើទើបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនយកទៅសាកសួរនាំភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៀត៕

https://www.youtube.com/watch?v=ZZJSYL3RjeA

មតិយោបល់