ព័ត៌មានជាតិ

រថយន្តដឹកថ្នាំពេទ្យវ៉ាជែងទៅបុកគូទរថយន្តស៊ិនទ្រីបណ្ដាលឲ្យទៅបុកកង់បីឥណ្ឌាផ្ទុបនឹងទ្វាររោងចក្រស្មាតភីហ្គោមេន

ភ្នំពេញៈ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកថ្នាំពេទ្យ ព្យាយាមបើករថយន្តវ៉ាជែងក៏ជ្រុលបុកគូទរថយន្តស៊ិនទ្រីចំពីក្រោយ បណ្ដាលឲ្យរថយន្តស៊ិនទ្រីទៅបុកគូទកង់បីឥណ្ឌា ផ្ទុបនិងរបងទ្វាររោងចក្រ ត្រង់ចំណុចមុខសាកលវិទ្យាល័យកម្ពុជា តាមបណ្តោយផ្លូវណត់ប្រ៊ីត ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសបើកបររថយន្តដឹកថ្នាំពេទ្យ១គ្រឿងម៉ាក MITSUBISHI ពណ៌ស ពាក់ស្លាកលេខ រដ្ឋ123-0022 ធ្វើដំណើរតាមបណ្ដោយផ្លូវណត់ប្រ៊ីតពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ បានព្យាយាមបើកវ៉ាជែងខាងស្តាំ រថយន្ត១គ្រឿងទៀត មិនចាំម៉ាកដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលចង្កូតទៅបុកគូទរថយន្តដឹកសំរាម ពណ៌លឿង ជារបស់ក្រុមហ៊ុនស៊ិនទ្រី គ្មានស្លាកលេខ ដែលកំពុងឈប់ប្រមូលសំរាមនៅតាមចិញ្ចើមផ្លូវ ចំពីក្រោយខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត ក្រពឹតកាប៊ីនផ្នែកខាងមុនចំហៀងខាងស្តាំយ៉ាងដំណំ ហើយធ្វើឲ្យរថយន្តស៊ិនទ្រី រុលទៅខាងមុខស្របពេល ដែលមានម៉ូតូកង់បីឥណ្ឌា១គ្រឿងទៀត ម៉ាកបាចា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GS-6061 បើកបរដោយបុរសម្នាក់បានបើកចេញមកពីផ្លូវបេតុង នៅក្បែរកន្លែងកើហេតុបំណងបត់ស្តាំទៅផ្លូវណត់ប្រ៊ីត ហើយក៏ត្រូវបានរថយន្តស៊ិនទ្រីខាងលើ បុកអូសទៅផ្ទុបនិងរបងទ្វារដែករោងចក្រស្មាតភីហ្គោមេន បណ្តាលឲ្យទ្វារដែករោងចក្រមួយផ្ទាំងធំរងការខូចខាត រីឯម៉ូតូកង់បីឥណ្ឌារងការខូចខាតក្រពឹតផ្នែកខាងក្រោយ ចំហៀងខាងឆ្វេង ដោយឡែករថយន្តស៊ិនទ្រីរងការខូចខាតក្រពឹតផ្នែកខាងមុខ និងកាងខាងក្រោយ តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ហើយភាគីសងខាងធ្វើការសម្របសម្រួលដោះស្រាយគ្នា បន្ទាប់មកក៏មានតំណាងភាគីខាងរថយន្តបង្ក បានចេញមកធ្វើការចរចារសម្របសម្រួល ដោយព្រមចេញសំណងចំនួន ២០០ដុល្លារ​ឲ្យទៅភាគីខាងម៉ូតូកង់បីឥណ្ឌា​ និងចេញសំណងចំនួន ២០០ដុល្លារ ឲ្យទៅភាគីខាងរោងចក្រ ដោយឡែករថយន្តស៊ិនទ្រី មិនបានទាមទារសំណងអ្វីនោះទេ គឺព្រមយករថយន្តទៅជួសជុល ដោយខ្លួនឯងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់