បាត់ដំបងៈ ព្រះសង្ឃមួយអង្គត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនយកមកសាកសួរបន្ទាប់ពីមានការសង្ស័យថាអាចល្មើសនឹងវិន័យសង្ឃ
លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានមានប្រសាសន៍ថាក្រោយពីទទួលបានព័ត៌មានច្បាស់ការណ៍និងបន្ទាប់ពីបានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ស្នងការស្នងការរងរួចមកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២និង២០នាទីរសៀលលោកបានដឹកនាំកម្លាំងចុះទៅកាន់ចំណុចសណ្ឋាគារមួយកន្លែងដែលស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយបានស្នើសុំឲ្យបុគ្គលិកសណ្ឋាគារជួយសហការនិងធ្វើការបើកបន្ទប់លេខ៤០៦ដើម្បីពិនិត្យ។
លោកអធិការបានបន្តទៀតថាជាក់ស្តែងក្នុងការត្រួតពិនិត្យគឺក្នុងបន្ទប់គេសង្កេតឃើញមានភិក្ខុសង្ឃមួយអង្គជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ផងដែរដោយមិនមានសកម្មភាពអ្វីប្លែកនោះឡើយ។ទើបសមត្ថកិច្ចក៏បាននិមន្តភិក្ខុសង្ឃអង្គនោះរួមជាមួយនារីម្នាក់មកកាន់អធិការដ្ឋានដើម្បីសាកសួរ។
យោងតាមការសារភាពរបស់ភិក្ខុសង្ឃព្រះនាម ឡាយលីន មានព្រះជន្ម៣៦ព្រះវស្សាមានស្រុកកំណើតនៅឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាតដំបង ដោយគង់នៅវត្តគណកុដិក្នុងភូមិរំចេក៣ សង្កាត់រតនៈ មានសង្ឃដីកាថាកាលពីព្រលប់ថ្ងៃទី២៨ ខែឧសភា គឺប្អូនស្រីបង្កើតរបស់ព្រះអង្គដែលមានឈ្មោះគីម វ៉ារី អាយុ២៦ឆ្នាំ ហើយបច្ចុប្បន្ននាងបានចាកចេញពីស្រុកកំណើតនៅឃុំរាំងកេសីទៅរស់នៅក្នុងខេត្តត្រាវីញឬខេត្តតាយីញឬខេត្តព្រះត្រពាំង(កម្ពុជាក្រោម)បានទូរស័ព្ទឲ្យទៅទទួលនាងព្រោះបានឡើងមកលេងខេត្តបាត់ដំបង។
ភិក្ខុសង្ឃអង្គនេះបានបន្តថានៅពេលនោះលោកបានជិះម៉ូតូកង់៣ទៅទទួលនាងនៅត្រង់ចំណុចរង្វង់មូលព្រាបសប្រហែលជាម៉ោង៨និង៣០នាទីយប់ព្រមទាំងបាននាំនាងមកសម្រាកនៅក្នុងសណ្ឋាគារប្រេស៊ីដង់តែម្តងទៅ។
ព្រះសង្ឃបានបន្ថែមថានៅថ្ងៃទី២៩,៣០និង៣១ខែឆ្នាំដដែលលោកបាននាំនាងទៅលេងតាមតំបន់រមណីយដ្ឋាននានាដូចជាប្រាសាទបាណន់ភ្នំសំពៅផ្ទះបុរាណវត្តគរប៉ៃលិនប្រាសាទឯកភ្នំនិងប្រាសាទបាសែត។ល។
ដោយឡែកនៅពេលយប់គឺសម្រាកក្នុងបន្ទប់តែមួយព្រោះសម្អាងទៅលើគ្រែពីរមានន័យថាសម្រាកចំនួន៤យប់មកហើយ។
ការរៀបរាប់របស់ភិក្ខុសង្ឃអង្គនេះវាដូចជាមានការផ្ទុយស្រឡះទៅនឹងការរៀបរាប់របស់ភាគីនារីដែលមានឈ្មោះពិតគឺ ធិច ធីវ៉ារី អាយុ៣៤ឆ្នាំរស់នៅក្នុងខេត្តត្រាវីញឬព្រះត្រពាំងតាំងពីកើតមករហូតដោយមិនដែលស្គាល់ឃុំរាំងកេសីស្អីនោះទេដោយនាងបាននិយាយថាអាចត្រូវជាបងប្អូនជីដូនមួយនឹងគ្នាឯការធ្វើដំណើរមកនេះគឺជាដំណើរទេសចរណ៍ដើម្បីចង់ស្គាល់ដោយមានលោកជាអ្នកជូនដើរដោយត្រៀមវិលត្រឡប់ទៅកម្ពុជាក្រោមវិញនាថ្ងៃទី១នេះក៏ស្រាប់ជួបរឿងបែបនេះតែម្តង។
បើទោះបីជាមិនមានភាគីណាមួយសារភាពអំពីការរួមមេត្រីភាពជាមួយគ្នាយ៉ាងណាក៏ដោយក៏ប្រភពមួយចំនួនបានអះអាងថាវាពិតជាខុសនឹងវិន័យសង្ឃបាត់ទៅហើយពិសេសគឺខូចសាសនាតែម្តង។នៅក្នុងខណៈនោះដែរសមត្ថកិច្ចបានប្រគល់ភិក្ខុសង្ឃនោះទៅឲ្យលោកគុណសម្បត្តិមុនីរតន៍ដែលជាប្រធានមន្ទីរធម្មការខេត្តដើម្បីពិចារណាដោយនៅពេលនោះក៏មានព្រះមហាពេជ្រសៀកលេខាធិការគណខេត្តនិងលេខាអនុគណក្រុងបាត់ដំបងបាននិមន្តចូលរួមផងដែរប៉ុន្តែប្រភពមួយបានបង្ហើបថាអាចប្រឈមនឹងការផ្សឹកដោយមិនអាចជៀសបាន៕
មតិយោបល់