ព្រះសីហនុៈ គិតត្រឹមម៉ោង ៩និង៤នាទីព្រឹកថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៩នេះ អាកាសធាតុលើផ្ទៃសមុទ្រ និងប្រជុំកោះរ៉ុងផ្ទៃមេឃអាប់អួរភ្លៀងធ្លាក់បង្គួរ។ នៅចន្លោះឃ្លងកម្លាំងខ្យល់បក់កន្រ្តាក់បង្គួរ និងទឹករលកខ្ពស់បង្គួរ។ ចំពោះឆ្នេរអូរឈើទាល ខ្យល់បក់ទឹករលកបង្គួរ និងឆ្នេរអូរត្រេះខ្យល់បក់ ទឹករលកបង្គួរទៅខ្លាំង។ កម្លាំងនគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ផ្លូវទឹក ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងពង្រឹងគោលដៅ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសសុវត្ថិភាពជលយានយន្តមុខចេញដំណើរ។
លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារនគរបាលទេសចរណ៍ និងចរាចរណ៍ផ្លូវទឹក បានមានប្រសាសន៍ថា កម្ពុជាយើងបាននិងទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើភាគខាងជើងក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់និងវិសម្ពាធ (TD) ដែលទើបនិងកើតឡើងនៅខាងកើតកោះហៃណាំ។ ខ្យល់មូសុងនិរតី ខ្លាំង និងឥទ្ធិពលហ្វឺន (Foehn) ដែលមានល្បឿនពី 7-10m/s នៅភាគខាងក្រោមប្រទេស។ លោកឧត្តមសេនីយ៍ត្រីស្នងការរងបានសង្កត់ធ្ងន់ថា បញ្ហាខាងលើជាហេតុបណ្តាលឲ្យមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ហើយនៅលើផ្ទែសមុទ្រអាចនឹងមានរលកខ្ពស់ៗ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់បន្ថែមថា លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការបានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពង្រឹងកម្លាំងគោលដៅដើមទី និងតាមបណ្តាកោះរឹតបណ្តឹងលក្ខណៈបច្ចេកទេសប្រព័ន្ធសុវត្ថិភាព ផ្សព្វផ្សាយអប់រំ និងសំណូមពរដល់ប្រជាពលរដ្ឋ ប្រជានេសាទ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិសូមមានការប្រុងប្រយ័ត្នខ្ពស់ និងមានហេតុការណ៍អ្វីសូមផ្តល់ព័ត៌មានជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីបង្កទប់ស្កាត់ និងអន្តរាគមន៍សង្រ្គោះទាន់ពេលវេលា៕
ទូរសព្ទ័ទាន់ហេតុការណ៍៖ 097 778 00 08 / 031 374 98 48
មតិយោបល់