ព័ត៌មានជាតិ

វីហ្គោ បើកបត់ឆ្លងផ្លូវ ប៉ះគ្នាជាមួយរថយន្តព្រូស បណ្ដាលរេចង្កូតបុកចូលហាងលក់គុយទាវ ខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តវីហ្គោបើកបោះពួយយ៉ាងលឿន បានបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តព្រូសបុកពេញទំហឹង បណ្ដាលវីហ្គោរេចង្កូតបុកចូលផ្ទះលក់គុយទាវ បាក់សរសផ្ទះមួយចំហៀងរងការខូចខាត តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍គ្រោះនេះ កើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុកែងនិងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តវីហ្គោ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-9933 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវព្រះស៊ីហនុ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បាត់ឆ្វេងត្រូវបានរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AA 4825 ធ្វើដំណើរពីកើតទៅលិច ក្នុងបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តវីហ្គោ រេចង្កូតទៅបុកជញ្ជាំងនិងសរសផ្ទះលក់គុយទាវ រងការខូចខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តព្រូស បើកគេចចេញពីកន្លែងកើតហេតុ បន្សល់ទុកស្លាកលេខមួយ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយករថយន្តវីហ្គោ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ៧មករា រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នា តាមផ្លូវច្បាប់៕

មតិយោបល់