ព័ត៌មានជាតិ

Update៖ បាត់ពីផ្ទះ២ថ្ងៃ ទើបឃើញសពអណ្តែតទឹក សង្ស័យស្រវឹង ចុះហែលទឹក បណ្ដាលឲ្យលង់ស្លាប់

ភ្នំពេញៈ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹករណ្តៅដី ក្រោយពីផឹកស្រាស្រវឹង បាត់២ថ្ងៃ ហើយបែរជាឃើញសព បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងរណ្តៅដីដ៏ជ្រៅមួយកន្លែង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ឡុង នៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សេនជ័យ មានស្រុកកំណើត ភូមិក្រាំងស្គា ឃុំក្រាំងស្គា ស្រុកទឹលផុស ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះ ផេត ខួច អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានកូនស្រី១នាក់ ។

តាមសាច់ញាតិបានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៩យប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះ ក្រោយពីផឹកស្រវឹង ជាមួយមិត្តភក្ដិរួមការងារ ហើយចាកចេញទៅបាត់ មិនដឹងថា ទៅណា សាច់ញាតិ ក្រុមគ្រួសារ ដឹងថា បាត់មួយយប់ហើយ ក៏មិនតាមស្វែងរកដែរ ព្រោះកន្លងមកធ្លាប់បាត់ ដាច់យប់ រហូតដល់ព្រឹកថ្ងៃទី០២ បន្ទាប់នៅតែមិនឃើញជនរងគ្រោះ សង្ស័យថា ចុះងូតទឹករណ្តៅដីខាងលើដែរ តែមិនឃើញ ទើបនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ប្រទះឃើញជនរងគ្រោះស្លាប់ អណ្តែតទឹកទៅវិញ ។

បើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា ជនរងគ្រោះ មុនកើតហេតុ រួមជាមួយមិត្តភក្ដិមានគ្នា៣នាក់ ក្រោយពីផឹកស្រវឹង ជិះម៉ូតូទៅរកកន្លែងជក់គ្រឿងញៀន នៅដីវាល មាត់រណ្តៅដី ខាងលើ ជួបជាមួយកម្លាំងសមត្ថកិច្ច ល្បាតជនទាំង៣ភ័យ ក៏រត់លោតចុះទឹក រណ្តៅដីខាងលើ២នាក់ ចាប់ឃាត់ខ្លួនម្នាក់ កាលពីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ លុះដល់ព្រឹកថ្ងៃទី០៣ នេះ ស្រាប់តែប្រទះឃើញ សាកសព ដែលគេសង្ស័យថា ជនសង្ស័យ ដែលរត់គេចពីសមត្ថកិច្ចហើយ ។

សាកសពក្រោយពីប្រទះឃើញ ត្រូវបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ កោសល្យវិច័យ សន្និដ្ឋានជនរងគ្រោះស្លាប់ ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិយោបល់