ព័ត៌មានជាតិ

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងក្រុងសៀមរាប ត្រូវអាជ្ញាធរចុះរុះរើ

សៀមរាបៈ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមការងារចម្រុះខេត្ត ចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់លើដីចំណីផ្លូវ នៅក្នុងក្រុងសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត លោក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ និងមានកិច្ចសហការពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានា ជាច្រើនទៀត ។

គោលបំណងនៃ ការចុះរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់លើដីចំណីផ្លូវនេះ គឺដើម្បីរៀបចំសោភ័ណ្ឌ ភាពសណ្ដាប់ធ្នាប់ របៀបរៀបរយៈសាធារណៈ អនុវត្តនីតិវិធី ដើម្បីឲ្យពួកគាត់ដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវ និងលុបបំបាត់ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញត ក្នុង ក្រុងសៀមរាបទាំងមូល ឲ្យសក្តិសមជាក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រដ៏រុងរឿង មានភាពទាក់ទាញខ្លាំងទាំងភ្ញៀវជាតិ អន្តរជាតិ និងដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អ រួមទាំងលើកតម្កើងកិត្យានុភាពវប្បធម៌ជាតិ។

ក្រុមការងារបានចាប់ផ្ដើមពីចំណុចគល់ស្ពានព្រះរាជដំណាក់ ឆ្ពោះទៅទិសខាងកើត តាមបណ្ដោយផ្លូវជាតិលេខ៦ និងបន្តរហូតដល់ព្រំប្រទល់ក្រុងសៀមរាប និងស្រុកប្រាសាទបាគង៕

មតិយោបល់