ព័ត៌មានជាតិ

ភ័យស្ទើរអស់ព្រលឹង! ធាក់ម៉ូតូបញ្ឆេះ ស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ: ម៉ូតូមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខឃ្លាំងលក់រថយន្ត266 តាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើកបរម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហាប៊េះ ពណ៌ក្រហម ពាក់ស្លាកលេខ ម7158ភព1 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង។
មកដល់ចំណុចកើតហេតុ ម៉ូតូខាងលើ ក៏បានឈប់ចតអែបទៅចិញ្ចើមផ្លូវ ខណ:នោះអ្នកបើក បានចុះឱនទៅឆ្កឹះឆ្កៀល ម៉ាស៊ីនម៉ូតូទំនងជាខូច តែមិនដឹងថាម៉ូតូខាងលើ ខូចអ្វីនោះទេ។

បន្ទាប់មកអ្នកបើកម៉ូតូ បានឡើងទៅធាត់បញ្ឆេះម៉ាស៊ីន ស្រាប់តែលេចចេញជាអណ្ដាតភ្លើង ឆាបឆេះម៉ូតូយ៉ាងសន្ធោសន្ធៅ តែម្តង។ ភ្លាមៗនោះ អ្នកបើកបរម៉ូតូ ក៏ប្រញាប់ប្រញាល់រត់ ទៅដួសទឹកមកជះពន្លត់ តែមិនរលត់នោះទេ ហើយក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់អស់ចំនួន២បំពង់ ក៏រលត់ទៅវិញជាស្ថាពរ យ៉ាងណាមិញ ម៉ូតូខាងលើ បានរងការខូចខាតអស់ពាក់កណ្តាលផ្នែកខាងមុខ តែមិនបង្កឲ្យមានអ្នករងរបួស ឬឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងខាងលើ ដោយមិនបង្កឲ្យឆាបឆេះ រាលដាលដល់ផ្ទះប្រជាពលរដ្ឋ សមត្ថកិច្ច បានអនុញ្ញាតឲ្យបុរសខាងលើ ធ្វើការដឹកម៉ូតូខូចខាត ចេញពីកន្លែងកើតហេតុបាត់ទៅ៕

មតិយោបល់