(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើសហភាពអឺរ៉ុប (EU) ជួយកម្ពុជា ដើម្បីឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់ នៅក្នុងតំបន់អាស៊ី ទាំងគោលដៅស្អាត បៃតង និងប្រកបដោយនិរន្តរភាព។
បើតាមការឲ្យដឹងពីលោក ថុក សុខុម ប្រធាននាយកដ្ឋានកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អ្នកសារព័ត៌មាន អំពីជំនួបពិភាក្សាការងារ រវាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតថ្មី សហភាពអឺរ៉ុប ប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នេះថា “កិច្ចពិភាក្សានោះ បានផ្តោតជាសំខាន់ ទៅលើយន្តការ ធ្វើយ៉ាងណាឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ស្អាត និងបៃតង ពិសេស បំបាត់នូវការចោលសំរាម និងថង់ប្លាស្ទីស ដោយអានាធិបតេយ្យ តាមរយៈការអប់រំ ដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជន ឲ្យមានការយល់ដឹង និងយកចិត្តទុកដាក់ លើការរៀបចំទុកដាក់សំរាម ឲ្យមានរបៀបរៀបរយ ពោល គឺកុំចោលសំរាម និងថង់ប្លាស្ទីក នៅតាមទីសាធារណៈ ដែលជាបច្ច័យមិនល្អ សម្រាប់សោភ័ណ្ឌភាព អនាម័យរបស់ប្រទេស និងប៉ះពាល់ដល់កិច្ចប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកម្សាន្តនៅកម្ពុជា របស់រាជរដ្ឋាភិបាល”។
លោក ថុក សុខុម បន្តថា ជាមួយគ្នានោះលោក ថោង ខុន ក៏បានស្នើបន្ថែមដល់សហភាពអឺរ៉ុប ឲ្យជួយលើកការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ព្រោះថា វិស័យនេះ បានផ្តល់ឱកាសការងារជាច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងស្រុក ហើយបច្ចុប្បន្ននេះ កម្ពុជាមានសាលាបណ្តុះបណ្តាលលើវិស័យនេះ ចំនួន២ កន្លែងតែប៉ុណ្ណោះ គឺមួយនៅខេត្តសៀមរាប និងនៅភ្នំពេញ គឺទាន់អាចមានធនធានមនុស្ស ឆ្លើយតបទៅនឹងសេចក្តីត្រូវការ អ្នកជំនាញប្រមាណជា ១លាននាក់ លើវិស័យនេះ បាននៅឡើយទេ។ លោកបន្តទៀតថា រាល់ថ្ងៃ កម្ពុជា បានជំរុញឲ្យអ្នកជំនាញ ធ្វើការលើវិស័យទេសចរណ៍ មកពីបណ្តារប្រទេសក្នុងតំបន់ មកធ្វើការជាមួយគ្នា នៅក្នុងប្រទេសកម្ពុជា ដើម្បីក្រេបយកបទពិសោធន៍ផង ផ្លាស់ប្តូរការងារ និងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍ខ្លួនឯងផង។
លោក George Edgar បានមានប្រសាសន៍ថា ឆ្លងតាមដំណើរកម្សាន្តជាច្រើនខេត្ត និងតំបន់ គោលដៅទេសចរណ៍ក្នុងប្រទេសកម្ពុជា លោកមើលឃើញថា កម្ពុជា ជាប្រទេសដែលមានធនធានសក្តានុពល លើវិស័យនេះ ធំធេងណាស់។ ទន្ទឹមគ្នានោះ ក៏មានបញ្ហាប្រឈម មួយចំនួនដែរ ដែលទាមទារឲ្យមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ទាំងទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍។ លោកក៏មើលឃើញផងដែរថា កម្ពុជាបានដឹកមុខគេ ក្នុងការរៀបចំអភិវឌ្ឍន៍សហគមទេសចរ ក្នុងចំណោមប្រទេសក្នុងតំបន់ ផងដែរ។ ឯកអគ្គរដ្ឋទូតថ្មី សហភាពអឺរ៉ុប ក៏បានឲ្យដឹងទៀតថា កន្លងមក EU បានធ្វើការងារជាច្រើន លើការចោលសំរាម និងថង់ប្លាស្ទីកនេះ ជាមួយអង្គការ NGO មួយចំនួន រួមដៃគូរជាតិ អន្តរជាតិ និងស្ថាប័នរដ្ឋ នានាផងដែរ។
ជាមួយគ្នានោះ លោក ថោង ខុន ក៏បានអញ្ជើញលោក George Edgar ចូលរួមនៅក្នុងសន្និសីទអន្តរជាតិមួយ ក្នុងវិស័យទេសចរណ៍ លើសុខមាលភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថាន ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តសៀមរាប និងដើម្បីស្នើសុំឲ្យ EU ជួយដល់សហគមទេសចរណ៍ ក៏ដូចជាជួយអភិរក្សសហគមទេចរណ៍ ក្នុងន័យទាញយកផល ពីវិស័យទេសចរណ៍ ចូលដល់ដៃពលរដ្ឋ ដោយផ្ទាល់តែម្តង៕
មតិយោបល់