ភ្នំពេញៈ បុរសម្នាក់ចូលម៉ាស្សាកោសជប់ ដែលមានយីហោ ៧៧៧៧ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយបានបបួលនារីម៉ាស្សារួមមេត្រី តែនាងមិនព្រមក៏កើតជាជម្លោះ ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩។
បុរសរត់បង់បីឈ្មោះអេ ពូថា ភេទប្រុសអាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី ស្នាក់នៅភូមិម័រ សង្កាត់សង្កោរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកនារីម៉ាស្សាឈ្មោះ ល អាយុ២៩ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ។
តាមសម្តីពូកង់បី បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានផឹកស្រាជាមួយមិត្តភក្តិស្រវឹង ហើយក៏ចូលមករកកន្លែងកោសជប់ ពេលចូលមកដល់ ក៏ហៅនារីខាងលើមកកោសជប់អោយ លុះពេលកោសជប់រួច ស្រាប់តែយកកាបូបអោយលុយថ្លៃម៉ាស្សា ក៏បាត់លុយអស់ចំនួន៨០ដុល្លារ ទើបសួរនាំរហូតទាស់សម្តីគ្នា បង្កជាហិង្សារវាយគាត់អោយរបួសទៀតផង។
តែបើតាមនារីជាអ្នកម៉ាស្សា បានប្រាប់ថា បុរសខាងលើ ចូលមកម៉ាស្សាកន្លែងគាត់ ពេលដែលកោសជប់រួច បុរសខាងលើ ក៏បបួលនាងរួមភេទ តែនាងមិនព្រម ហើយបានចាប់បង្ខំនាងរហូតទ្រាំលែងបាន ក៏ស្រែកអោយគេជួយ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំភាគីទាំងសង្ខាងមកធ្វេីការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរ។ ក្រោយពីការសម្របសម្រួលភាគី ទាំងសង្ខាងបានបញ្ចប់រឿងដោយស្មើគ្នា។
សូមបញ្ជាក់៖ ករណីនេះ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៣៧១ មានចម្ងល់ថា មូលហេតុអ្វីបានលោកមេប៉ុស្តិ៍ចាក់អង្រែលើ មិនដែលទប់ស្កាត់ ឬអប់រំនៅតាមបណ្ដាកន្លែងម៉ាស្សាកោសជប់ ពលរដ្ឋបានលួចខ្សឹបថា មានទីតាំងខ្លះ សង្ស័យតែបង្កប់សេវាជួញដូរផ្លូវភេទ ភ្ញៀវខ្លះបានចូលម៉ាស្សា មានបាត់លុយ បង្កហិង្សាបណ្ដាលឲ្យមានអ្នករងរបួស ទ្បូទ្បាក្នុងហាង ធ្វើឲ្យប៉ះពាល់ដល់ដំណេកពលរដ្ឋរស់នៅជិតខាងទាំងកណ្ដាលអធ្រាត្រ ជាក់ស្ដែងដូចករណីខាងលើស្រាប់។
ពលរដ្ឋចង់ឲ្យលោកមេប៉ុស្តិ៍ចាក់អង្រែលើ គួរតែមានវិធានការឲ្យបានតឹងរឹង ឬមួយលោកមេប៉ុស្តិ៍មិនហ៊ាន សង្ស័យតែបានលាភសក្ការៈ ទើបបើកដៃ ហើយមិនខ្ចីអើពើទាល់តែសោះ។
ពលរដ្ឋសំណូមពរទៅលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក ជាពិសេសលោកមេប៉ុស្តិ៍ចាក់អង្រែលើ ជួយទប់ស្កាត់ពីបញ្ហានេះផង កុំឲ្យពលរដ្ឋរិះគន់រឿងដដែល ទៅលើដែនសមត្ថ ដែលខ្លួនគ្រប់គ្រង៕
https://www.youtube.com/watch?v=yDPisr_LoEg
មតិយោបល់