ព័ត៌មានជាតិ

Update៖ រថយន្តបុកបន្តកន្ទុយគ្នាជាច្រើនគ្រឿង ផ្អើលទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: រថយន្តកូរ៉េឃ្លប់ដឹកទំនិញមួយគ្រឿង បើកបោះពួយលឿន ជ្រុលទៅបុក ម៉ូតូរទេះលក់បបរ ហើយបន្តបុករថយន្តលុចស៊ីស និងរថយន្ត CHEVROLET មួយគ្រឿងទៀត រងការខូចខាត កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវវេងស្រេង ចំណុចភ្លើងស្តុប ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ឃ្លប់ ដឹកទំនិញ ពណ៌ស 3C-9842 បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូរទេះលក់បបរ ម៉ាកហុងដា សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D-2191 បណ្តាលឲ្យដាច់រទេះ ពីម៉ូតូ ហើយរថយន្តបង្ក បន្តទៅបុក រថយន្តលុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-7736 រុញទៅបុកបន្តជាមួយរថយន្តម៉ាក CHEVROLET ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-1222 មួយគ្រឿងទៀត ។

មូលហេតុ៖ អ្នកបើករថយន្តកូរ៉េឃ្លប់ ធ្វេសប្រហែស យ៉ាងណាមិញ ករណីនេះ មិនបង្កឲ្យមានអ្នករបួសនោះទេ។

ក្រោយកើតហេតុ ភាគីរថយន្តបង្ក មានតំណាងមកដល់ សម្របសម្រួល សុខចិត្តចេញសងថ្លៃខូចខាត ម៉ូតូ រថយន្តទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់