ព័ត៌មានជាតិ

Update៖ សាំយ៉ុង បោះពួយលឿនស្ទុះបុកចូលផ្ទះលក់ភេសជ្ជៈចាប់ហ៊ួយ របួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ: ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ចំណែក ពូៗម៉ូតូឌុប៤នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយរថយន្តសាំយ៉ុង មួយគ្រឿង បើកបរដោយបុសម្នាក់ ក្នុងល្បឿនលឿនបោលត្រង់បុកចូលផ្ទះប្រជាពលរដ្ឋតែម្តង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩និង៣០នាទី ត្រង់ចំណុចផ្ទះលក់ ចាប់ហ៊ួយនិង ភេសជ្ជ: «ចរិយា» បុរីជីបម៉ុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីម្ចាស់ផ្ទះ ដែលរងរបួសធ្ងន់ មានឈ្មោះ ឃួន ចរិយា ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែក អ្នកបើកបររថយន្ត ជ្រ៊ុន ង៉ែត អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបរបើកបរឲ្យម្តាយ ដឹក សំបកករ៉ុង«ប៉ាវ»លក់តាមរោងចក្រនិងឃ្លាំង។

មុនពេលកើតហេតុ គេឃើញមាន ពូៗម៉ូតូឌុប ៤ទៅ៥អង្គុយលេង អុកនៅតូបកាត់សក់ នៅសំយាបផ្ទះលក់ ចាប់ហ៊ួយភេសជ្ជ: យីហោ«ចរិយា» ខណ:កំពុងលេងសុខៗ ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9356 បើកបរ ដោយបុរសម្នាក់ រួមដំណើរជាមួយម្តាយ ធ្វើដំណើរតាមផ្លូវបេតុង ពីលិចទៅកើត ក្នុងលឿនលឿន មកដល់ផ្លូវបំបែកជាបួន ខំជាន់ហ្វ្រាំងណាស់ដែរ តែហ្វ្រាំងមិនស៊ីទាល់តែសោះ ហើយបុកលេខក៏មិនចូល ទើបអ្នកបើកមិនដឹងគេចទៅណា ក៏បោលរថយន្ត បុកចូលមួយប្រលោះផ្ទះលក់ចាប់ហ៊ួយ និងភេសជ្ជ: «ចរិយា» និងបុកស្ត្រីម្ចាស់ផ្ទះ បណ្តាលឲ្យប៉ើង បុកនិងកញ្ចក់ផ្ទះរងរបួសធ្ងន់ ចំណែកពូៗម៉ូតូឌុប៤នាក់ដែល កំពុងអង្គុយលេខអុក គេចទាន់រងរបួស្រាល។

ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ ឃាត់យកអ្នកបើកបរទៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីជៀសវាងបង្កហិង្សា ចំណែកស្ត្រីរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ដោយឡែករថយន្តបង្ក ត្រូវបានជំនាញចរាចរណ៍ខណ្ឌ ប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងវាស់វែង យកទៅទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕

មតិយោបល់