ព័ត៌មានជាតិ

ប៉ើងដំបូលរោងចក្រ «FTEO» របួសកម្មករជាង១០នាក់ និង រលំបង្គោលភ្លើង១៩ដើម ដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់

ភ្នំពេញ: ភ្លៀង និងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំង បានបណ្ដាលឲ្យប៉ើងដំបូល អគាររោចក្រកាត់ដេរ មួយកន្លែង យីហោ«FTEO» ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បណ្ដាលឲ្យមានឲ្យកម្មការិនីជាង ១០នាក់រងរបួស ព្រមទាំងបានធ្វើឲ្យសម្ភារ: និងផលិតផលនៅក្នុងអគារនោះ ទទួលរងនូវការខូចខាត ហើយរោងចក្រ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន រង់ចាំការជួសជុលដំបូលផងដែរ។

ដោយឡែកបង្គោលភ្លើងតង់ស្យង់មធ្យមចំនួន១៧ដើម រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវ២ដើម ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងភូមិថ្មដា និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានបាក់ដួលសង្កត់លើរថយន្ត និងតូបលក់ដូរទៀតផង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុមានភ្លៀង១មេធំ លាយឡំមក ជាមួយខ្យល់កន្រ្តាក់យ៉ាងខ្លាំង បានបក់បោកបណ្ដាលឲ្យប៉ើងដំបូលអគារ ចំនួន២រោងចក្រកាត់ដេរខាងលើ ហើយកម្មការិនីជាង១០នាក់ក្នុងចំណោម៧០០នាក់ កំពុងបម្រើការងារ នៅក្នុងអគារនោះ បានរងរបួសធ្ងន់និងស្រាល។ ចំណែកអ្នកដែលអត់របួស បានបាំគ្នារត់ចេញក្រៅទាំងមេឃកំពុងភ្លៀង និងខ្យល់ព្រមទាំងផ្គររន្ទះគួរឲ្យខ្លាច ដោយភ្លៀងបានបន្តធ្លាក់ រហូតដល់វេលាយប់ថ្ងៃដដែលទើបរាំង។ ករណីនេះ បានបណ្ដាលឲ្យសម្ភារ: រួមទាំងផលិតនៅក្នុងអគាររោងទាំង២នោះ រងការខូចខាតទៀតផង។
ដោយទ្បែកនាវេលាព្រឹកថ្ងៃទី៥ ខែមិថុនា កម្មករបាននាំគ្នាទៅធ្វើការបន្តទៀត ប៉ុន្តែត្រូវបានថៅកែ រោងចក្រអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ និងសម្រេចចិត្តបិទទ្វាររោងចក្រជាបណ្ដោះអាសន្ន រង់ចាំការជួសជុលឡើងវិញ។

ហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានបង្គោលខ្សែភ្លើងតង់ស្យុងមធ្យម១៧ដើម និងបង្គោលភ្លើងបំភ្លឺផ្លូវ២ដើម ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិថ្មដា និងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល បានបាក់ដួលសង្កត់លើរថយន្ត ព្រមទាំងម៉ូតូសណ្ដោងរ៉ឺមម៉ក និងតូបលក់ដូរ ស្ថិតនៅលើចិញ្ចើមផ្លូវក្រោមខ្សែភ្លើងនោះផងដែរ តែមិនបង្កឲ្យមានអ្នករងរបួសឡើយ គ្រាន់តែបណ្ដាលឲ្យតំបន់ខាងលើ ដាច់ភ្លើងពេញ១យប់ថែមទៀតផង៕

មតិយោបល់