ព័ត៌មានជាតិ

ទុករថយន្តនៅមុខផ្ទះ ម្ចាស់ចូលដេក ភ្ញាក់ឡើងផ្អើលពេលមួយផ្ទះ

ភ្នំពេញ: បុរសម្នាក់បានទុករថយន្ត នៅមុខផ្ទះ ត្រូវបានជនសង្ស័យលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តមួយគ្រឿង ដែលបាត់ខាងលើ ម៉ាកសាំយ៉ុង ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9354 ជាកម្មសិទ្ធិរបស់ឈ្មោះ ហួរ បុរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់តាក់ស៊ីរស់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃទំពូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពពីជនរងគ្រោះ បាននិយាយថា នៅមុនកើតហេតុ វេលាម៉ោង៩យប់ថ្ងៃទី៤ ខែមិថុនា គាត់បានយករថយន្តខាងលើ ទៅចតទុកនៅខាងមុខផ្ទះដូចសព្វដង បន្ទាប់មកគាត់ក៏ចូលទៅដេកក្នុងផ្ទះបាត់ទៅ។

លុះនៅវេលាម៉ោងកើតហេតុ ពេលគាត់ភ្ញាក់ដឹងខ្លួន បានចេញមកមើលរថយន្ត នៅខាងមុខផ្ទះ ស្រាប់តែបាត់រថយន្ត បង្កការផ្អើលឆោឡោតែម្ដង។

ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយរករថយន្តរបស់គាត់ផងដែរ៕

មតិយោបល់