ព័ត៌មានជាតិ

ចុមខ្លាំងបាត់! បំពុលឆ្កែ ៣ក្បាលងាប់ កាត់សោរបងចូលគាស់ទ្វារលួចម៉ូតូទៅបាត់ដោយសុវត្ថិភាព

ស្វាយរៀងៈ នៅព្រឹកទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង មានជនសង្ស័យមួយក្រុមធ្វើសកម្មភាពគាស់ទ្វារបន្ទប់ក្រោមផ្ទះ លួចយកម៉ូតូមួយគ្រឿង ទៅបាត់ដោយសុវត្ថិភាព ហើយមុននឹងធ្វើសកម្មភាពចូលគាស់ ក្រុមជនសង្ស័យបានដាក់ថ្នាំបំពុលសត្វឆ្កែ ផ្ទះក្បែរនោះ បណ្តាលឲ្យងាប់ចំនួន ៣ក្បាល ទើបចូលគាស់ទ្វាបន្ទប់យកម៉ូតូ។

ជនរងគ្រោះឈ្មោះ ងិន បុលគ្រី ភេទប្រុស អាយុ ៣៣ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងប្រពន្ធព្រមទាំងបងប្អូន បានអង្គុយជួបជុំនិយាយគ្នាលេង នៅខាងក្រោមផ្ទះ រហូតដល់ម៉ោងជិត៩យប់ ទើបពួកគាត់បានឡើងទៅដេកលើផ្ទះ លុះដល់វេលាម៉ោងប្រហែល ២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ គាត់បានចុះមកក្រោមផ្ទះដើម្បីបត់ជើង និងមើលរបស់របរក្នុងផ្ទះ ពេលគាត់ក្រឡេកទៅឃើញទ្វារបន្ទប់ក្រោមផ្ទះរបើក គាត់ក៏បានបើកទ្វារចូលទៅក្នុងបន្ទប់ ដើម្បីមើលម៉ូតូតែមិនឃើញទើបដឹងថា បាត់ម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ និងមានស្នាមកាត់សោចន្ទល់ ដោយឃើញសោសូឡិចធ្លាក់នៅកន្លែងដាក់ម៉ូតូ លុះពេលគាត់ទៅមើលរបងផ្ទះ ក៏ត្រូវក្រុមជនសង្ស័យកាត់សោចូលមកទៀត។ យោងតាមប្រភពដដែលបានបន្តទៀតថា ផ្ទះរបស់គាត់មានរបងត្រឹមត្រូវ ចំណែកបន្ទប់ក្រោមផ្ទះក៏បានចាក់សោសូឡិច រីឯម៉ូតូមិនត្រឹមតែចាក់សោ.កតែប៉ុណ្ណោះទេគឺ ចាក់ទាំងសោចន្ទល់ម៉ូតូថែមទៀតផង ប៉ុន្តែក្រុមជនសង្ស័យនៅតែធ្វើសកម្មភាពលួចយកទៅ​បានដោយសុវត្ថិភាពហើយផ្ទះប្រជាពលរដ្ឋនៅក្បែរផ្ទះ គាត់ក៏មានការបំពុលសត្វឆ្កែងាប់ចំនួន ៣ក្បាលថែមទៀតផងដែរ ដោយក្រុមជនសង្ស័យប៉ុនប៉ងលួចម៉ូតូរបស់អ្នកជិតខាងដែរ ប៉ុន្តែមិនបានសម្រេច។

ចំពោះពាក់ព័ន្ធ នឹងករណីខាងលើ មិនអាចសុំការបំភ្លឺពីលោកមេប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោមបាននោះទេ ដោយទូរស័ព្ទចូលតែមិនលើក រងគ្រោះបានស្នើសុំឲ្យសមត្ថកិច្ច តាមវែកមុខសញ្ញាក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពលួចគាស់ផ្ទះ

ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់