ព័ត៌មានជាតិ

មន្ត្រីសហព័ន្ធសហជីពម្នាក់ ត្រូវចោរលួចម៉ូតូនៅម៉ាតយកទៅបាត់

ភ្នំពេញៈ បុរសជាមន្ត្រីសហព័ន្ធសហជីពម្នាក់ ទុកម៉ូតូនៅម៉ាតមួយកន្លែអ មិនបានផ្ញើគេ ហើយឡើងរថយន្តដើរមើលកម្មករ លុះត្រឡប់មកវិញ ត្រូវជនសង្ស័យលួចយកម៉ូតូបាត់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៧ និង៣៥នាទីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចម៉ាតរាស់សាំងតេឡា កែងស្តុបមហាវិថីឈ្នះឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យលួចបាត់នោះ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0281 ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ឡាយ សុជាតិ ភេទប្រុស មុខរបរមន្ត្រីសហព័ន្ធសហជីពសេរីភាពកម្មករខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុនៅម៉ោង១០ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានទុកម៉ូតូនៅម៉ាតផ្លូវជាតិលេខ៤ កែងផ្លូវមហាវិថីឈ្នះឈ្នះភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ហើយឡើងរថយន្តទៅជាមួយមេរបស់គាត់ ដើរមើលកម្មករ តាមបណ្តារោងចក្រ បន្ទាប់មកនៅម៉ោងកើតហេតុនោះ គាត់បានមកយកម៉ូតូ ដើម្បីទៅផ្ទះវិញ។

ពេលមកដល់ ស្រាប់តែមិនឃើញម៉ូតូ ក៏ទៅសួរបុគ្គលិកម៉ាតខាងលើ តែមិនទាន់បានឆែកកាំមេរ៉ានៅឡើយទេ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចប៉ុស្តិ៍ ជួយឆែកកាំមេរ៉ា និងឃាត់ជនសង្ស័យខាងលើ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់