ព័ត៌មានជាតិ

ករណីរថយន្តបុកមនុស្សស្លាប់ អ្នកកាសែតទាក់ទងចង់បានព័ត៌មានលម្អិត អធិការស្រុកអង្គស្នួលឆ្លើយថា ឲ្យមកកន្លែងមក នឹងផ្ដល់បទសម្ភាសឲ្យ

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ បើកបុកម៉ូតូ ១គ្រឿងពីក្រោយ​ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ នៅវេលាម៉ោង ៦ និង៤០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ប៉ិច ទូច ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ អ្នកបើករថយន្តឈ្មោះ ផុន សុធា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបឹងគ្រុំក្រោម ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1B-1158 ធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ស្រាប់មានរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីណូប្រភេទបែន ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ1A-0312 មកពីក្រោយបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់មួយរំពេច។

មូលហេតុ៖ បណ្តាលមកពីអ្នកបើករថយន្ត ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post New បានទាក់ទងទៅអធិការស្រុកអង្គស្នួល ដើម្បីចង់បានព័ត៌មានលម្អិត ដោយលោកឆ្លើយថា​ ពិតជាមានមែន ប៉ុន្តែប្រាប់ឲ្យភា្នក់ងារ ទៅដល់កន្លែងធ្វើការរបស់លោកមក លោកនឹងផ្ដល់បទសម្ភាសឲ្យ រួចក៏បិទទូរស័ព្ទទៅ៕

មតិយោបល់