ភ្នំពេញៈ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថានៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីបើកប្រតិបត្តិការស្រាវជ្រាវនិងសាកសួរយុវតី ឈ្មោះ ស៊ុ ណាវីន ដែលបានប្រកាសថាមានជនមួយក្រុមចាប់បង្ខាំងកាលពីថ្ងៃទី៣ ខែសីហា កន្លងទៅនោះមិនមែនជាការពិតនោះទេ។
លោកអធិការបន្តថាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ យុវតីខាងលើបានចេញពីផ្ទះមកលក់ម៉ូតូនៅហាងលក់ម៉ូតូ ហីហោ ឡាក់គី ផ្ទះលេខ១២៧-១២៩Eo មហាវិថីព្រះសីហនុ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តម្លៃ៦៥០ដុល្លារ។
បន្ទាប់ពីលក់បានលុយហើយយុវតីខាងលើបានយកលុយនោះទៅចាយវាយ ហើយយុវតីខាងលើបានមករកទិញម៉ូតូToday មួយគ្រឿងវិញតំលៃ៤៥០ដុល្លារ សម្រាប់ជិះបន្ទាប់ក៏យកម៉ូតូទៅលក់អោយអ្នកលក់ម៉ូតូវិញតម្លៃ៤០០ដុល្លារដោយប្រាប់ថាប្រញាប់យកលុយទៅជួយឪពុកដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។
យុវតីដែលបង្កចលាចលផ្អើលសមត្ថកិច្ចស្ទើមួយប្រទេសនេះឈ្មោះ ស៊ុ ដាវីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។
សូមរំឮកថា កាលពីរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដោយអះអាងពីឪពុកយុវតី ថាមានករណីមនុស្សមួយក្រុមចាប់បង្ខាំងកូនស្រីរបស់គាត់យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន។
លុះដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយអគ្គស្នងការនគរបាលជាតិ នៃស្នងការនគរបាលរាជធានីភ្នំពេញ រួមសហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ព្រមទាំងកម្លាំងអាវុធហត្ថ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានប្រមូលពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៥ខេត្ត ក្រុង គឺពុំមានបានទទួលបណ្តឹងពីអាណាព្យាបាលក្មេងស្រីជាង១០នាក់ផ្សេងទៀតដែលបានបាត់កូនរបស់ខ្លួននោះទេ ។ ដូច្នេះការរៀបរបស់យុវតី ស៊ុ ណាវីន ដែលថាមានយុវតីជាង១០នាក់ដែលជនមិនស្គាល់មុខបង្ខាំងទុកយកទៅលក់នោះដូចជារៀងប្រឌិត ដើម្បីឆ្លើយយករួចខ្លួនពីឪពុកម្តាយរបស់នាងដែលខ្លួនបានបាត់ពីផ្ទះអស់រយៈពេល៣ថ្ងៃ ព្រោះខ្លាច ឪពុកម្តាយរករឿងទើបនាងឆ្លើយដូច្នេះ។
តែទោះជាយ៉ាងណាឪពុកយុវតីខាងលើនោះនៅតែអះអាងថាកូនគាត់ត្រូវគេចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកជាមួយក្មេងស្រី១០នាក់ផ្សេងទៀត ហើយនៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៨នេះរូបគាត់ក៏បាននាំសមត្ថកិច្ចទៅចង្អុលចំណុចដែលពួកជនសង្ស័យចាប់កូនរបស់គាត់។ ទោះជាយ៉ាងណា រឿងនេះជាការពិតឬជាការប្រឌិតនោះសមត្ថកិច្ចនៅតែបន្តការស្រាវរង់ចាំយុវតីខាងលើចេញពីមន្ទីរពេទ្យសិនដោយសារតែពេលនេះនាងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះអាការៈរបស់យុវតីរងគ្រោះនេះពុំទាន់បានធូរស្បើយនៅឡើយនោះទេ។
ហើយនៅរសៀលថ្ងៃទី០៩ឪពុកបង្កើតរបស់យុវតីខាងលើនេះបានចេញមកបកស្រាយសុំទោសជាសាធារណៈដល់ថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
ជាចុងក្រោយសូមឲ្យអាណាព្យាបាលទាំងអស់មេត្តាតាមដានកូនៗគ្រប់រូបកុំឲ្យមានរឿងកើតឡើងដូចឪពុកយុវតីខាងលើនេះទៀតឲ្យសោះ៕
មតិយោបល់