ព័ត៌មានជាតិ

Update៖ រថយន្តស្ទូចលើកអេស្កាវ៉ាទ័រ បែរជាទាក់ប៉ះខ្សែភ្លើង ឆ្លងឆក់រងរបួសធ្ងន់បុរសម្នាក់ បញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ បុរសជាអ្នកបើកបររថយន្តស្ទូចម្នាក់រងរបួសធ្ងន់ បន្ទាប់ពីស្ទូចលើអេស្កាវ៉ាទ័រមួយគ្រឿង មិនបានមើលលើ បែរជាដងស្ទូចទៅទាក់ប៉ះនឹងខ្សែកាបភ្លើង បណ្តាលឲ្យឆ្លងឆក់ កាលពីវេលាម៉ោង១២ និង៥០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅយានដ្ឋានមួយកន្លែង ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ យឹម ម៉ៅ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ បកបររថយន្តស្ទូច មានទីលំនៅ សង្កាត់បឹងក់១ ខណ្ឌទួលគោក ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខាងយានដ្ឋានចំណុចខាងលើ ទូរស័ព្ទហៅជួលរថយន្តរបស់គាត់ឲ្យមកលើកគ្រឿងចក្រ ប្រភេទអេស្កាវ៉ាទ័រ ធុនតូចមួយគ្រឿង ហើយខណៈដែលរៀបចំស្ទូចលើក បើកប្រតិបត្តិការ លើកដងស្ទូច ស្រាប់តែជ្រុលទៅប៉ះនឹងខ្សែកាបភ្លើង នៅពីខាងលើ បណ្តាលឲ្យទាក់ឆ្លងឆក់តែម្តង ។

ក្រោយពីជួបឧប្បត្តិហេតុជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ជួយលើកយកចេញ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ មកជួយអន្តរាគមន៍ ។

ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង តាមការស្នើសុំរបស់ជនរងគ្រោះ ។ ចំណែករថយន្តស្ទូច នៅទាក់ជាប់នឹងខ្សែកាប ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យនិងទាក់ទង ទៅខាងអគ្គិសនី មកពិនិត្យ ដើម្បីយករថយន្តស្ទូចចេញវិញ ៕

មតិយោបល់