ព័ត៌មានជាតិ

ក្មេងស្ទាវចេញពីក្លឹបសេះមាស ដេញវៃគ្នា បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ផ្អើលពេញផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣

ភ្នំពេញ: នៅវេលាម៉ោង ៣ និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានករណីក្មេងស្ទាវមួយក្រុម បានចេញពីផឹកស៊ីនៅក្លឹបសេះមាស ទំនងជាស្រវឹងស្រា រួចបង្កហិង្សាដេញកាប់គ្នា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់។

មូលហេតុ៖ ឈានដល់ប្រើហិង្សានេះ នៅមិនទាន់ដឹងទ្បើយ។

ក្រោយកើតហេតុ សមត្ថកិច្ច​បានចុះដល់ទីតាំងខាងលើ រួចដកហូតវត្ថុតាងម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HP-1615 របស់ជនបង្ក ដែលបន្សល់ទុក យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ រង់ចាំដោះស្រាយពេលក្រោយ។

សូមបញ្ជាក់៖ គេសង្កេតឃើញថា តាមបណ្ដោយផ្លូវវេងស្រេងមួយរយ:ចុងក្រោយនេះ សម្បូរក្មេងស្ទាវដេញវៃគ្នា បង្កអនាធិបតេយ្យជារៀងរាល់យប់ ហាក់បីដូចជាសមត្ថកិច្ច មិនអាចទប់ស្កាត់បានទាល់តែសោះ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃនេះ គឺមានករណីជនសង្ស័យ មិនស្គាល់មុខបានធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់ បណ្ដាលឲ្យរងរបួស នៅម្ដុំលូ៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះផងដែរ។

ករណីនេះ ពលរដ្ឋបានសំណូមពរជាពិសេសសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ឲ្យមានការល្បាតដល់យប់ជ្រៅផង កុំឲ្យយប់មិនទាន់នាំគ្នាចូលប៉ុស្តិ៍វិញបាត់អស់ ធ្វើឲ្យពួកគាត់រិះគន់រឿងដដែលៗ៕

មតិយោបល់