ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនជាតិចិន​ម្នាក់​ ពី​បទ​ចាប់​ឃុំឃាំង​ ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ នៅ​ច្រក​ទ្វារ​អាកាស​យាន្ត​អន្តរជាតិ​សៀមរាប​

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ​​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ទទួល​ពិរុទ្ធជន​ម្នាក់​ ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​យាន្ត​អន្តរជាតិ​សៀមរាប​ ពី​បទ​ចាប់​ឃុំឃាំង​ ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២០​ និង​១០​នាទី​ ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៩​។​

លោក​ឧត្តមសេនីយ៍ត្រី​ ជា​ គឹ​ម​សាន​ ស្នងការ​រង​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ៖​ ពិរុទ្ធជន​រូប​នេះ​ មានឈ្មោះ​ LYU​ FEIFEI​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ ចិន​ មុខរបរ​មិន​ពិតប្រាកដ​ ។​ ​លោក​បាន​បន្ត​ទៀត​ថា​ ការ​ឃាត់ខ្លួន​ពិរុទ្ធជន​រូប​នេះ​ គឺ​អនុវត្តន៍​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ របស់​សាលាដំបូង​ខេត្តសៀមរាប​ លេខ​ ៧២​ ដ​ច​ជ​”​ក​”/១៩​ ចុះ​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៩​ ពី​បទ​ចាប់​ឃុំឃាំង​ ឬ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ ក្នុង​គោលដៅ​ជម្រិត​យក​ទ្រព្យសម្បត្តិ​ ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​ ១២-១៣​ ខែកក្កដា​ ឆ្នាំ​២០១៨​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ និង​នៅ​ភូមិ​ជ្រៃ​ ឃុំ​ខ្ចាស់​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​

ក្រោយ​ត្រូវ​បាន​ឃាត់ខ្លួន​ពិរុទ្ធជន​រូប​នេះ​ លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ នឹង​បន្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ចាត់ការ​បន្ត​៕

មតិយោបល់