ព័ត៌មានជាតិ

សភានិងរដ្ឋាភិបាលចិននៅតែបន្តរក្សាជំហរជួយអភិវឌ្ឍប្រទេសកម្ពុជា និងគាំទ្រគ្នាលើគ្រប់វេទិកា

ភ្នំពេញៈ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើមាតុភូមិនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រកបដោយសុវត្ថិភាពនៅថ្ងៃទី២៩​កក្កដានេះ
បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក ឈាង វុន សមាជិកប្រតិភូរួមដំណើរបានធ្វើសន្និសីទសារព័ត៌មាន បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅប្រទេសចិន គឺប្រព្រឹត្តទៅប្រកបដោយរលូន និងផ្លែផ្កាទទួលជោគជ័យ ភាគីទាំងពីរបានរក្សាជំហរបន្តគាំទ្រគ្នាលើគ្រប់វេទិកា តំបន់ និងពិភពលោក ពិសេសជំរុញ​ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើន​ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាលំដាប់។

ខណៈស្នាក់នៅប្រទេសចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បានជួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន លោកអនុប្រធានាធិបតី ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយចំនួនទៀត សុទ្ធតែបានគាំទ្រ និងចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅប្រទេសចិនបង្ហាញពីការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែរឹងមាំថែមទៀត។

ជាមួយនោះ សភានិងរដ្ឋាភិបាលបក្សកុម្មុយនីស្តចិន បានរក្សាជំហរបន្តជួយដល់ប្រទេសកម្ពុជា ដើម្បីឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលនាំមកនូវឧត្តមប្រយោជន៍ទៅវិញទៅមក។ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តនិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែប្រសើរឡើងថែមទៀត និងបានសន្យាជួយសាងសង់អគាររដ្ឋបាលអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាមួយខ្នង ដែលមានកម្ពស់១២ជាន់ ក្នុងតម្លៃជាង១៦លានដុល្លារអាមេរិក តបតាមសំណើសុំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា។

គួររំលឹកថា តាមប្រវត្តិសាស្រ្តបង្ហាញថា ចំណងមិត្តភាពកម្ពុជា-ចិន បានកើតមានតាំងពីយូរមកហើយ ដែលមានតាំងពីថ្នាក់ដឹកនាំជំនាន់មុន ពោលគឺអតីតព្រះប្រមុខរដ្ឋ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងអតីតប្រមុខដឹកនាំកំពូលចិន គឺលោកប្រធាន ម៉ៅ សេទុង និងនាយករដ្ឋមន្រ្តី ជូ អេនឡាយ បានកសាងឡើង ហើយបច្ចុប្បន្នទំនាក់ទំនងនោះនៅតែបន្តរក្សាជាមួយគ្នាកាន់តែរឹងមាំទ្វេដង។

យោងតាមរបាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិន ក្នុងឆ្នាំ២០១៥ បានដល់ប្រមាណ៤.៤៣៦លានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានទំហំទឹកប្រាក់៦៦៦លានដុល្លារ ខណៈចិននាំចូលមកកាន់កម្ពុជាមានចំនួន ៣.៧៧០ដុល្លារ។ ចំណែកការដោះដូរពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៦នេះ នឹងមានទឹកប្រាក់៤.០០០លានដុល្លារអាមេរិក ដែលជាតួលេខមួយខិតជិតដល់គោលដៅ ៥.០០០លានដុល្លារនៅឆ្នាំ២០១៧។

សូមបញ្ជាក់ថា សមាជិកសភាដែលទៅទទួលការនិវត្តរបស់សម្តេចប្រធានរដ្ឋសភានៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភា សមាជិក សមាជិការដ្ឋសភា និងមន្ត្រីជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា លោកស្រី ពូ ជៀនគ័រ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងសហការីក៏បានអញ្ជើញក្នុងឱកាសនោះផងដែរ៕

photo_2016-07-29_14-14-46photo_2016-07-29_14-14-44

មតិយោបល់