ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកនិងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ និងរបួសធ្ងន់បុរសម្នាក់ នៅវេលាម៉ោង ៥និង១៥នាទីព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសាលាចតុមុខ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះទី១ឈ្មោះ នាង លាបភា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅម្តុំបាក់ទូក មានស្រុកកំណើតនៅខេត្តបាត់ដំបង (ស្លាប់) និងទី២.ឈ្មោះ ណាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅម្ដុំបាក់ទូក ជាមួយគ្នា មុខរបរចុងភៅ (របួសធ្ងន់)។ ចំណែកអ្នកបើករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់។
ដំណើររឿង៖ នៅវេលាកើតហេតុគេឃើញ ប្ដីប្រពន្ធពីរនាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើដំណើរពីលិចទៅកើត តាមផ្លូវលេខ២១៤ មកដល់ភ្លើងស្តុបកែងផ្លូវនរោត្តម បានបត់ឆ្វេងឆ្លងផ្លូវ ខណៈនោះស្រាប់ តែមានរថយន្តកូរ៉ូឡា ពណ៌ក្រហម ស៊េរីចាស់១គ្រឿង មកបុកពេញទំហឹង បណ្ដាលឲ្យស្ត្រីជាប្រពន្ធអង្គុយ ខាងក្រោយប៉ើងខ្ទាតទៅបុកផ្ទប់នឹងកញ្ចក់រថយន្ត បែកក្បាលស្លាប់ក្នុងថ្លុកឈាម រីឯប្តីវិញ បានខ្ទាតចេញពីកន្លែងកើតហេតុប្រហែលជាង៥ម៉ែត្រ ទៅកណ្តាលផ្លូវរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ៕
មតិយោបល់