បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ១ និង ១៤នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត សមត្ថកិច្ច ចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹម ជីម៉េង ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងកាត់សក់ មានទៅលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សេង វីស្សា(ហៅ តា) ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ/សង្កាត់ជាមួយគ្នា ជាកូនជាងក្នុងហាងកាត់សក់ ហើយខ្លួន(ជនរងគ្រោះ) បានទិញម៉ូតូម៉ាក ឃ្លិក ពណ៌ស ស៊េរីឆ្នាំ២០១៩ មួយគ្រឿងទុក សម្រាប់ជិះបម្រើការងារ ក្នុងហាងកាត់សក់ ចំណែកជនសង្ស័យ តែងតែជិះម៉ូតូនោះជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ជនសង្ស័យបានជិះដើរលេងបាត់ជាច្រើនថ្ងៃ លុះត្រឡប់មកវិញ មិនឃើញម៉ូតូ ពេលខ្លួនសួរនាំ ជនសង្ស័យឆ្លើយថា ម៉ូតូត្រូវបានមិត្តភក្តិគេខ្ចីបាត់ហើយ ដោយរយៈពេលយូរពេក មិនឃើញជនសង្ស័យ យកម៉ូតូត្រឡប់មកវិញខ្លួន ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងតែម្តង ។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ បានធ្វើការកោះហៅជនសង្ស័យមកសាកសួរ ដោយជនសង្ស័យ បានសារភាពថា ៖ ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះ ទៅលក់នៅខេត្តសៀមរាបបាត់ហើយ ក្នុងតម្លៃ ១.០០០ដុល្លារ ។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕


មតិយោបល់